កូរ៉េខាងជើងប្តេជ្ញាកៀកស្មារុស្ស៊ី រហូតឈ្នះសង្គ្រាមអ៊ុយក្រែន
មូស្គូ : ប្រមុខការទូតកូរ៉េខាងជើងនិយាយថា
ទីក្រុងព្យុងយ៉ាងនឹងឈរប្រកៀកស្មាជាមួយទីក្រុងម៉ូស្គូ រហូតទទួលបានជ័យជម្នះក្នុងសង្គ្រាមនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov នៅទីក្រុងមូស្គូ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ប្រទេសឯកោនេះ នឹងលូកដៃទៅក្នុងជម្លោះអ៊ុយក្រែនដែរ។
ប្រទេសលោកខាងលិចនិយាយថា ទាហានកូរ៉េខាងជើងដល់ទៅរាប់ពាន់នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ហើយអាចនឹងត្រូវបានប្រើប្រាស់នៅក្នុងសង្គ្រាមអ៊ុយក្រែន។
លោកស្រី Choe Son Hui ថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កងទ័ព និងប្រជាជនរុស្ស៊ី ប្រាកដជានឹងទទួលបាននូវជ័យជំនះដ៏អស្ចារ្យ នៅក្នុងការតស៊ូដ៏ពិសិដ្ឋរបស់ពួកគេ ដើម្បីការពារសិទ្ធិអធិបតេយ្យភាព និងសន្តិសុខនៃរដ្ឋរបស់ពួកគេ។
ចំណែកលោក Lavrov បាបសាទរចំពោះទំនាក់ទំនង យ៉ាង ជិតស្និទ្ធ ដែលត្រូវ បាន បង្កើត ឡើង រវាង យោធា និង សេវាកម្ម ពិសេស នៃ ប្រទេស ទាំង ពីរ ហើយថា កិច្ចសហការនេះ គឺដើម្បីដោះស្រាយគោលដៅសន្តិសុខដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ប្រមុខការទូតទាំងពីរមិនបានលើកឡើងពីរបាយការណ៍របស់លោកខាងលិច ស្តីពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងនៅរុស្ស៊ីនោះទេ។
យ៉ាងណា បើតាមការបញ្ជាក់របស់មន្រ្តីអាមេរិក ទាហាន កូរ៉េ ខាង ជើង ចំនួន ៨,០០០នាក់ កំពុង ហ្វឹកហាត់ នៅ រុស្ស៊ី ហើយ អាច នឹង ត្រូវ ដាក់ ពង្រាយ ដើម្បី ប្រយុទ្ធ នៅ អ៊ុយក្រែន៕
ប្រភព : AFP ប្រែសម្រួល : ឈឹម ទីណា