ពិធីប្រណាំងទូកនៅខេត្តតាកែវបញ្ចប់ទៅប្រកបដោយស្នាមញញឹមក្រោមម្លប់នៃសុខសន្តិភាព
(តាកែវ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ កាលពីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រណាំងទូក ដណ្តើមយកជ័យលាភីថ្នាក់ខេត្ត ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ និងចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងការលើកស្ទួយវិស័យកីឡាអុំទូករបស់ខ្មែរយើង ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍នៅខេត្តតាកែវ ក្រោមបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងប្រកបដោយមោទកភាព ស្ថិតក្រោមម្លប់សុខសន្តិភាព។ ពិធីនេះដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំជាអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ មន្ទីរ អង្គភាព ស្ថាប័ន នានាជុំវិញខេត្ត ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា យើងអាចរៀបចំពិធីប្រណាំងទូក នៅបានទូទាំងរាជធានី ខេត្ត ឮគឺដោយសារកត្តសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ បើគ្មានសន្តិភាព ទេគ្មានឡើយការរៀបចំពិធីបុណ្យតាមបែបប្រពៃណីផ្សេងៗ ជារៀងរាល់ឆ្នាំនោះទេ ។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានបន្ថែមថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យរដ្ឋបាលរាជធានី ខេត្តទាំងអស់រៀបចំពិធីប្រណាំងទូកដើម្បីបង្កលក្ខណៈ ដល់បងប្អូនប្រជាពលរដ្ឋ បានចូលរួមលេងកម្សាន្តសប្បាយរីករាយ។
យោងតាមរបាយការណ៍ ដោយ ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានបញ្ចាក់ថា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រណាំងទូកនៅបរិវេណបឹងតាកែវ ដែលស្ថិតក្នុងក្រុងដូនកែវ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានតាំងពីបុរាណកាលមក ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានទូកចូលរួមប្រណាំងចំនួន៤១ ទូក ក្នុងនោះទូកកិត្តិយស៤ទូក ទូករដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត ក្រុង ស្រុក ដែលមានប្រតិភូដឹកនាំគ្រូបង្វឹក ជុំវិញក្រុងស្រុក ចំនួន ១១៤ នាក់ កីឡាករ ៥១២នាក់ មន្ត្រីគាំទ្រ ៣៦ នាក់ សរុបចំនួន ៦៦២នាក់ ។ ការរៀបចំពិធីប្រណាំងទូកនេះដើម្បីបង្ករភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងបង្ហាញពីប្រទេសជាតិមានសុខសន្ដិភាពពេញលេញ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តវេននាពេលបច្ចុប្បន្ននេះ។ ក្រៅពីការប្រណាំងទូក ក៏មានការប្រគុំតន្រ្តី ការសម្ដែងសិល្បៈបូរាណ ការតាំងពិព័ណ៍ផលិតផល ម្ហូបអាហារ ភូមិមួយផលិតផលមួយ និងការបាញ់កាំជ្រួចនាពេលយប់ផងដែរ។
ឆ្លងកាត់តាមការប្រអំទូកប្រណាំងរយៈពីរថ្ងៃនេះ ទូកទទួលបានចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ មន្ទីរអប់រំយុវជននិងកីឡាខេត្ត ដែលជារបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ ចំណាត់ថ្នាក់លេខ ២ បានទៅលើទូកឈ្មោះ ប៉ង កោបារមីមានជ័យ ដែលជាទូករបស់រដ្ឋបាលស្រុកគីរីវង្ស និងទូកលេខបានទៅលើទូកឈ្មោះ ព្រះខ័ន្តមានជ័យបារមីស្រុកព្រៃកប្បាស នៃខេត្តតាកែវ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាប ៖ រិន រចនា