អង្គការផ្កាយសមុទ្រ ផ្សារភ្ជាប់អ្នកស្រលាញ់បាល់ទាត់ ដើម្បីគាំទ្រការអប់រំសម្រាប់កុមារក្រីក្រ
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ចំនួន ១៧ក្រុម មកពីសហគមន៍ និងក្រុមហ៊ុនឯកជននានា បានចូលរួមការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ដែលរៀបចំដោយអង្គការផ្កាយសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ស្ថិតក្នុងខណ្ឌ ដង្កោ រាជធានីភ្នំពេញ។
លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានគូសបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលអង្គការផ្កាយសមុទ្របានបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដើម្បីកៀគរថវិកាសប្បុរសធម៌យកទៅគាំទ្រការសិក្សារបស់កុមារក្រីដែលកំពុងខ្វះខាត់ ហើយ កំពុងសិក្សានៅអង្គការផ្កាយសមុទ្រ។
លោក ស្រីប្រធានអង្គការ បានលើកឡើងទៀតថា ការចូលរួមចំណែកពីបណ្តាក្រុមបាល់ទាត់ទាំងអស់នេះ និងផ្តល់ឱកាសឱ្យក្មេងៗក្រីក្រទទួលបាននូវសម្ភារៈសិក្សាគ្រប់គ្រាន់ និងបានរៀនសូត្របន្ថែមនូវភាសាអង់គ្លេស ដែលជាភាសាសកល ។
លោក ស្រីថា ថវិកាដែលទទួលបានពីការចូលរួមរបស់ក្រុមបាល់ទាត់តាមបណ្តាក្រុមហ៊ុន និងសមាគមន៍ និងយកទៅទិញជាសម្ភារៈសិក្សា សំលៀកបំពាក់ និងកង់ជាមធ្យោបាយធ្វើដំណើរជូនសិស្សានុសិស្ស។ លោកស្រី បានចាត់ទុកការចូលរួមក្រុមបាល់ទាត់កាន់តែច្រើនក្នុងកម្មវិធីបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ វានិងជួយផ្តល់ឱកាសឱ្យក្មេងៗក្រីក្រទទួលបានឱកាសរៀនសូត្របានកាន់តែច្រើន អាចជួយឱ្យពួកគេមានអនាគតភ្លឺស្វាង រួចផុតពីភាពក្រីក្រ។
តំណាងក្រុមបាល់ទាត់ ដែលបានចូលរួម បានបង្ហាញចំណាប់អារម្មណ៍ថា ព្រឹត្តិការណ៍បាល់ទាត់នេះ ពិតជាមាសារៈសំខាន់ពិតមែន សម្រាប់ពួកយើងបានចូលរួមគាំទ្រជួយក្នុងកម្មវិធីសិក្សា តាមរយៈការរួមគ្នាបរិច្ចាគថវិកាជួយទៅដល់អង្គការ ដើម្បីទិញជាសម្ភារៈសិក្សាឱ្យសិស្សក្រីក្របានសម្ភារៈប្រើប្រាស់ក្នុងការសិក្សា និងទទួលបាននូវមធ្យមបាយធ្វើដំណើរទៅកាន់សាលារៀន ។ហើយសកម្មភាពក៏ជាផ្នែកមួយរបស់ពួកយើងទាំងអស់គ្នា ចូលរួមជួយទៅដល់សង្គម។
លោក ស្រី ជួប វិច្ឆិកា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួម ម្ចាស់ឧបត្ថម្ភ ក៏ដូចជាប្រជាពលរដ្ឋសម្រាប់ការធ្វើឲ្យព្រឹត្តិការណ៍នៅឆ្នាំនេះធ្វើទៅដោយជោគជ័យ។ ថវិកាដែលទទួលបានទាំងអស់នឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងយូរអង្វែង សម្រាប់អង្គការផ្កាយសមុទ្រដើម្បីពង្រីកបេសកកម្មនៃការផ្តល់សិទ្ធិអំណាចតាមរយៈកីឡា និងការអប់រំ។ អង្គការផ្កាយសមុទ្រមានគោលបំណងពង្រីកការប្រកួតនៅឆ្នាំក្រោយបន្តទៅមុខទៀត ដោយអញ្ជើញក្រុម និងសមាជិកសហគមន៍ឲ្យចូលរួមកាន់តែច្រើនកុះករ។ ពួកយើងលើកទឹកចិត្ត និងបន្តគាំទ្រចំពោះគំនិតផ្តួចផ្តើមសម្រាប់អង្គការផ្កាយសមុទ្រ ហើយសូមអញ្ជើញប្រិយមិត្តទាំងអស់ចូលរួមជាមួយយើងក្នុងការកសាងអនាគតរបស់កុមារកម្ពុជាតាមរយៈការអប់រំ និងបាល់ទាត់។
សូមបញ្ជាក់ថា កម្មវិធីបាល់ទាត់មិត្តភាពសប្បុរសធម៌សម្រាប់លើកទី៣នេះ មានក្រុមចូលរួមចំនួន១៧ កើនឡើងជាងលើកទី១ និងលើកទី២ ។ គួរឱ្យដឹងដែរថា សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការ សិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់ បន្ថយឧបសគ្គនានាដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រអង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារ ប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។
ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយ សមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោង ផ្សេងៗរបស់អង្គការផងដែរ ៕
ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ