ពិធីក្រុងពលី និងសូត្រមន្ត អង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ ទៅកាន់វត្តនៅខ្មែរក្រោម

(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតី ពិធីក្រុងពលី និងសូត្រមន្ត អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលពិធីក្រុងពលី និងសូត្រមន្តនេះ ប្រារព្ធធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

អញ្ជើញចូលរួមក្នុងកម្មវិធី រួមមាន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីរាជការជាច្រើនរូប។

ពិធីបែបសាសនានៃអង្គកឋិនមហាសាមគ្គីគ្រួសារដង្ហែទៅកាន់ខ្មែរក្រោមនាពេលនេះ បានប្រព្រឹត្ត​ទៅ​តាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែររួមមាន ពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម្មវិសេសទេសនាដោយសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ​នាមជា«អង្គកឋិន​មហា​សា​​ម​គ្គីគ្រួ​សារខ្មែរ» ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង​អាណា​ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋា​ភិបាល។

តាមកម្មវិធីបុណ្យ អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ នឹងដង្ហែចេញពីកម្ពុជាឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមច្រកអន្តរជាតិជ្រៃធំ ខេត្តកណ្តាល និងបង្ហើយបុណ្យ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មាន​ទី​អា​រាម​​រហូត​ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

គួរបញ្ជាក់ថា ក្បួនដង្ហែកឋិនមហាសាមគ្គីគ្រួសារខ្មែរ នឹងដឹកនាំដង្ហែដោយផ្ទាល់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត អមដំណើរសម្ដេចទាំងពីរ ។

បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាម ហើយនោះ ក៏នឹងប្រគេនដល់វត្ត ១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញផងដែរ ។

សូមជម្រាបថា កឋិនទាន ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ដែលទាយក ទាយិកាមានសទ្ធាជ្រះថ្លា នាំយកចីវរទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាស ក្នុងអាវាសវត្តណាមួយ និងជាទានវិសេស មានលក្ខណៈប្លែកជាងទានដទៃ ៥យ៉ាង ភិក្ខុសង្ឃបានក្រាលគ្រងកឋិនទទួលបានសង្ឃលាភ និងអានិសង្ស ៥ ហើយអ្នកប្រគេនកឋិនចីវរ ក៏ទទួលបានអានិស្ស៥ ផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner