មន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទទួលបានជោគជ័យពីការវាស់កម្រិតគុណភាព និងសុវត្តិភាពចំណីអាហារ
(ភ្នំពេញ)៖ រដ្ឋបាលជលផល អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានជំរុញឱ្យមន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានជោគជ័យពីការវាយតម្លៃទទួលស្គាល់ ប្រព័ន្ធ គ្រប់គ្រង គុណភាព មន្ទីរពិសោធន៍ (ISO/IEC 17025/2017) ដើម្បីពង្រីកវិសាលភាពលើសេវាកម្មរបស់ខ្លួន ។
យោងតាមសេចក្តីប្រកាសចេញផ្សាយនៅថ្ងៃទី៤ ខែ វិច្ឆិកានេះបានឳ្យដឹងថាតាមរយៈជំនួយបច្ចេកទេសពីគម្រោង CAPFISH-Capture មន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានស្តង់ដារ ISO/IEC 17025/2017 ក្នុងខែកញ្ញា ឆ្នាំ២០២២ ពីស្ថាប័នផ្តល់សេវាកម្មវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិ (IAS) លើសមត្ថភាពធ្វើតេស្តប៉ារ៉ាម៉ែត្រមីក្រូជីវសាស្រ្តនៃម្ហូបអាហារ។
ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិនៃមន្ទីរពិសោធន៍នេះ ពិតជាមានសារៈសំខាន់បំផុតក្នុងការធានាឱ្យសេវាកម្មដែលផ្តល់ដោយមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចទទួលបានការជឿជាក់និងមានសុក្រិតភាពសម្រាប់លទ្ធផលវិភាគផ្នែកគុណភាព និង សុវត្ថិភាពនៃម្ហូបអាហារក្នុងវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហារផ្សេងទៀតនៅ កម្ពុជា។
ទាក់ទិនក្នុងរឿងនេះលោកសាស្ត្រាចាររ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានឱ្យដឹងថា ចំពោះកិច្ចសហការល្អជាមួយគម្រោង CAPFISH-Capture ហើយទទួលបានលទ្ធផលដែលសម្រេចបាននេះ បង្កើនសមត្ថភាពរបស់យើងក្នុងការគាំទ្រសុខភាពសាធារណៈតាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារនិងជួយឱ្យវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជាអាចឆ្លើយតបទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្មនិងអ្នកបរិភោគ”។
លោកបានបញ្ជាក់ថា គម្រោងដែលបានបន្តកិច្ចគាំទ្រផ្នែកបច្ចេកទេសដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងគោលដៅសម្រេចឱ្យបាននូវការទទួលស្គាល់គុណភាពជាអន្តរជាតិនៃប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍សម្រាប់ការផ្តល់សេវាកម្មធ្វើតេស្តផ្នែកគីមីសាស្រ្តនាពេលដ៏ខ្លីខាងមុខបន្ថែមទៀត។
លោក សុខ ណារិន តំណាងប្រចាំព្រះរាជាណាចក្រកម្ពុជារបស់អង្គការ UNIDO បានលើកឡើងថា៖«កិច្ចខិតខំប្រឹងប្រែងនិងការអភិវឌ្ឍខាងលើនេះបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ប្រយោជន៍សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មផល ផលិតផលជលផលនិង ផលិតផលកសិកម្មផ្សេងទៀត ដើម្បីជួយឱ្យសហគ្រាសផ្នែកម្ហូបអាហារ អាចសន្សំសំចៃពេលវេលានិងកាត់បន្ថយការចំណាយ លើការបញ្ជូនផលនិងផលិតផលរបស់ខ្លួនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍របស់ប្រទេសជិតខាងបានយ៉ាងច្រើនផងដែរ”។
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានគូសបញ្ជាក់ ថា «តាមរយៈការពង្រីកវិសាលភាពលើសេវាកម្មធ្វើតេស្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងអាចជំរុញកិច្ចសហការបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសសម្រេចបាននូវគោលបំណងរួមគឺលើកកម្ពស់គុណភាពនិងសុវត្ថិភាពនៃផល ផលិតផលជលផលកម្ពុជាចាប់តាំងពីការប្រមូលផលរហូតដល់តុអាហារ”។
ឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានឱ្យដឹងថា«ការពង្រីកវិសាលភាពទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាជំហានវិជ្ជមានមួយទៀត ដែលនឹងគាំទ្រដល់ប្រព័ន្ធត្រួតពិនិត្យផ្លូវការនិងអនុលោមភាពស្របតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារដែល សហគ្រាសផ្នែកម្ហូបអាហារពីវិស័យឯកជនត្រូវអនុលោមតាម”។េ៊
គួរបញ្ជាក់ថាគម្រោង CAPFISH-Capture ផ្តោតលើការអភិវឌ្ឍផ្នែកជលផលក្រោយប្រមូលផល ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU) អនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល (FiA) និងអង្គការ UNIDO ដែលក្នុងនោះ ការលើកកម្ពស់សមត្ថភាពការធ្វើតេស្តរបស់មន្ទីរពិសោធន៍ផ្តោតលើសុវត្ថិភាពម្ហូបអាហារគឺជាសកម្មភាពដ៍សំខាន់មួយរបស់គម្រោង ដើម្បីធានាគុណភាពនិងសុវត្ថិភាព លើផល ផលិតផលជលផលក្នុងប្រទេសកម្ពុជា ។
ក្រៅពីនេះការអនុវត្តកន្លងមក រដ្ឋបាលជលផលតែងតែបញ្ជូនសំណាកនៃផល ផលិតផលជលផលទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័កម្ពុជា ដើម្បីទទួលបានលទ្ធផលវិភាគតាមស្តង់ដារដែលអាចជឿជាក់និងទុកចិត្តបាននិងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសបំពេញនូវលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល៕
ដោយ ៖ ម៉ាដេប៉ូ