ប្លែក ! វត្តស្វាយរមៀត ដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ទឹកថ្លា
សៀមរាប ៖ នៅខេត្តសៀមរាបកាលពីរសៀលថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត នៃភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប បានរៀបចំនិងដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ទឹកថ្លាខណៈវត្តនេះមានទីតាំងនៅជាប់នឹងបារាយណ៍តែម្តង។
ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀតមានថេរដីកាថា ពិធីដង្ហែលើផ្ទៃទឹកបារាយណ៍បែបនេះនៅដើម្បីឧទ្ទិសបុណ្យកុសលជូនដល់ព្រះម៉ែគង្គា និងព្រះម៉ែធរណី និងទុកជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ។ទន្ទឹមនេះពិធីដង្ហែបន្ថែមនៅលើផ្ទៃទឹក ក៏ដើម្បីញ៉ាំងកម្មវិធីកឋិនទានឱ្យកាន់តែមានភាពសម្បូរបែប បង្ហាញដល់ញាតិញោមគ្រប់ជាន់ថ្នាក់ឃើញពីសកម្មភាពនៃការបួងសួង និងទិដ្ឋភាពក្នុងវត្តដែលមានទីតាំងជាប់បារាយណ៍ទឹកថ្លានៃខេត្តសៀមរាប ជាតំបន់ពោរពេញទៅដោយសម្បត្តិវប្បធម៌ធម្មជាតិ ប្រាសាទបុរាណ និងរមណីយដ្ឋានជាច្រើន។
គប្បីជម្រាបជូនថា បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សម្រាប់ទាញយកទឹកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ លើសពីនោះក៏ជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
តាមឯកសាររបស់អាជ្ញាធរជាតិអប្សរា បារាយណ៍ទឹកថ្លាមានប្រវែងបណ្តោយ៨គីឡូម៉ែត្រនិងទទឹង២.២គីឡូម៉ែត្រ អាចស្តុកទឹកបាន ៥៦លានម៉ែត្រត្រីគុណ។ ទឹកនៅក្នុងបារាយទឹកថ្លា មួយផ្នែកត្រូវបានបម្លែងជាទឹកស្អាត សម្រាប់ផ្គត់ផ្គង់នៅក្នុងក្រុងសៀមរាប ។មួយផ្នែកទៀត សម្រាប់ស្រោចស្រពផ្ទៃដីស្រូវប្រាំងប្រមាណ ៤ពាន់ហិកតា។
សូមជម្រាបថា ទាំងលើកនេះ ពិធីដង្ហែអង្គកឋិនទាននៅលើទឹកនេះគឺលើកទី៣ ហើយដែលព្រះសង្ឃ គណៈកម្មការវត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នផ្សេងៗរៀបចំឡើង។ ការប្រារព្ធទៀតសោត ក៏មានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអ្នកចូលរួមផងដែរ។
ដោយឡែកបច្ច័យដែលទទួលបានពីអង្គកឋិនទានចំនួនជាង ៣០ លានរៀល។បច្ច័យនឹងប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់ភិក្ខុសាមណេរ ៥០អង្គ ,ជួយដល់គ្រូបង្រៀន និងគ្រូស្ម័គ្រចិត្តនៃសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀត និងមួយចំនួនទៀតសម្រាប់ជួសជុល និងអភិវឌ្ឍក្នុងទីអារាម៕
ដោយ៖ ប៊ុន រដ្ឋា