កម្ពុជា នឹងប្រារព្វពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នេះ នឹងត្រូវប្រារព្វធ្វើនៅ ខេត្តកំពត

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសខេត្តកំពត ជាខេត្តដែលនឹងត្រូវប្រារព្វ​ពិធីបុណ្យ​សមុទ្រលើកទី១១ ឆ្នាំ២០២៤ នេះ ។ យោងតាមសេចក្តីណែនាំរបស់​រដ្ឋបាល​ខេត្តកំពត ស្តីពីការត្រៀមរៀបចំអបអរសាទរ ពិធីបុណ្យសមុទ្រលើកទី១១ បានបញ្ជាក់ថា បុណ្យសមុទ្រឆ្នាំ២០២៤ នឹងប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី​១៥ ខែធ្នូ ខាងមុខនេះ ។ ពិធីបុណ្យសមុទ្រ ត្រូវបានអតីតនាយករដ្ឋមន្ត្រីសម្តេច​តេ​ជោ ហ៊ុន សែន បានកំណត់ជ្រើសរើសខែធ្នូ គឺជាខែដែលនឹងត្រូវប្រារព្វពីបុណ្យ​សមុទ្រ​​នេះ​ឡើង ។ ពិធីបុណ្យសមុទ្រនេះទៀត ក៏ត្រូវបានរាជរដ្ឋាភិបាល បាន​អនុញ្ញាត​ឲ្យរៀបចំប្រារព្វនៅបណ្តាខេត្តនៃតំបន់ឆ្នេរសមុទ្រចំនួន ៤ របស់កម្ពុជា រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កែប និងខេត្តកំពត ដោយឈរលើគោលការណ៍​ផ្លាស់វេនគ្នាជារៀងរាល់ឆ្នាំ បន្ទាប់ពីឆ្នេរសមុទ្រកកម្ពុជា បានចូលជាសមាជិក​នៃក្លឹប​ឆ្នេរ​សមុទ្រ​ជាងគេបំផុតនៅលើពិភពលោក ។

ការប្រារព្វព្រឹត្តិការណ៍បុណ្យសមុទ្រនេះ បានធ្វើឡើងដោយជោគជ័យចំនួន ១០​លើក​រួចមកហើយ រាប់តាំងពីឆ្នាំ២០១១មក ដោយលើកលែងតែនៅក្នុងឆ្នាំ​ដែល​កម្ពុជា ក៏ដូចជាពិភពលោកបានរងនូវវិបត្តិកូវីដ-19 ។ ការប្រារព្ធពិធី​បុណ្យ​នេះ​ឡើង គឺក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យមកលេងកម្សាន្ត និងរួម​ចំណែកជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ ដើម្បីកំណើនសេដ្ឋកិច្ចខេត្ត​នៅជាប់មាត់សមុទ្រ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ។

រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមរៀបចំពិធីបុណ្យសមុទ្រ សម្រាប់ឆ្នាំ២០២៤ ប្រកប​ដោយបរិយាកាស សប្បាយរីករាយ ឱឡារិក អធិកអធម រដ្ឋបាលខេត្តកំពត បាន​ចេញ​សេចក្តីណែនាំ ស្តីពីការត្រៀមរៀបចំអបអរសាទរ ពិធីបុណ្យសមុទ្រ ដោយបាន​ណែនាំឲ្យរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់​ប្រ​ភេទ ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ ជូនដំណឹងឲ្យបានផុសជុលជូនដល់ប្រជាពលរដ្ឋ សាធា​រណៈ​ជន គ្រប់មូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងមន្ត្រីក្រោមឱវាទ អំពី​កម្ម​វិធី​បុណ្យ​សមុទ្រលើកទី១១ ឲ្យបានផុសផុល។

នៅក្នុងលិខិតដដែល នៅបានណែនាំឲ្យរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃគណៈបញ្ជាការឯកភាព ខេត្ត រដ្ឋបាលឃុំ-សង្កាត់ ក្រុមហ៊ុន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគម វត្តអារាម ព្រះវិហារ​សាសនា ស្នាក់ការថ្វាយបង្គំ ម៉ាស្អិត ស៊ូរ៉ាវ សេវាកម្មទេសចរណ៍គ្រប់ប្រភេទ អាជីវករ និងវិស័យឯកជន ដែលប្រតិបត្តិការក្នុងខេត្ត ទាំងអស់ ត្រូវតុបតែងអគ្គិសនី​លម្អតាមរបងអង្គភាពខ្លួន លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យ ស្លោក និងបំផុសប្រជាពលរដ្ឋឲ្យលើកទង់ជាតិគ្រប់គេហដ្ឋាន ជាពិសេសប្រជាពល​រដ្ឋ​ក្នុងក្រុងកំពត ដោយតម្រឹមជាជួរ និងឯកភាពគ្នា នៃប្រវែងដងទង់ជាតិ ឲ្យបានរួចរាល់មុនថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៤ ។

ការប្រារព្វពិធីបុណ្យសមុទ្រ ជារៀងរាល់ឆ្នាំ ត្រូវបានគេមើលឃើញថា តែងរៀបចំ​ឡើង​ឲ្យមានអស្សនីយភាពសិល្បៈ ការប្រគំតន្រ្តី ដោយមានការចូលរួមពីសំណាក់​ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិ ដើម្បីបង្កបរិយាកាស​ឲ្យ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសប្បាយរីករាយជាមួយនឹងការទស្សនា​សមុទ្រ​ធម្មជាតិដ៏ស្រស់ស្អាត អមដោយការបាញ់កាំជ្រួចអបអរនាពេលរាត្រី ផងដែរ ។

នៅជាមួយគ្នានោះ ក៏មានមហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ភេសជ្ជៈ ព្រមទាំង​ការ​បង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់​ខេត្តតាម​តំបន់​ឆ្នេរ និងការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក។ បន្ថែមពីនេះទៀត ក្រសួងទេសចរណ៍ក៏តែងរៀបចំឲ្យមានកម្មវិធីបង្ហាញពី​សកម្មភាព​កីឡាលើទឹក និងកីឡាលើធ្នេរខ្សាច់ផងដែរ ដែលជាកីឡាកំពុងពេញនិយមទូទាំង​ពិភព​លោកផងដែរ ៕

ដោយ ៖ គង់ សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner