២៩ក្រុមចូលរួមប្រជែងពានរង្វាន់បាល់បោះបុរស-នារី ខេមអេដ ២០២៤
(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដបានរៀបចំការប្រកួតកីឡាបាល់បោះបុរស-នារី ឆ្នាំ២០២៤ (CamEd Men’s & Women’s Basketball Tournament 2024)ដើម្បីផលិតធនធានកីឡាបាល់បោះរបស់ខ្លួន ត្រៀមចូលរួមប្រកួតថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ខាងមុខ ។
លោកសាស្រ្តាចារ្យ ព្រុំ វិរៈ បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជានិស្សិតរបស់ខ្លួនឱ្យចូលរួមលេងកីឡា ដើម្បីមិត្តភាព សាមគ្គីភាព និងសុខភាពល្អ ជាពិសេសដើម្បីសម្រិតសម្រាំងកីឡាករ កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតថ្នាក់ជាតិជាមួយគ្រឹះស្ថានឧត្តមសិក្សាថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាបន្តបន្ទាប់នាពេលខាងមុខ។
លោកសាស្ត្រាចារ្យ ព្រុំ វិរៈ បន្ថែមថា ការលេងកីឡាតែងតែមានការចាញ់ និងឈ្នះ ដូច្នេះនិស្សិតទាំងត្រូវគោរពទៅតាមបទបញ្ជារបស់គណៈកម្មាធិរៀបចំការប្រកួតត និងមានការអធ្យាស្រ័យគ្នាទៅវិញទៅមក។ លើពីនេះទៅទៀត លោកក៏បានសាកល្បងលេងជាមួយនិស្សិតពីការលេងបាល់បោះផងដែរ ដើម្បីបណ្តុះស្មារតីកីឡាករ កីឡាការិនីឱ្យយល់ថា ការលេងកីឡាពិតជាមានសារៈសំខាន់ ក្នុងគោលដៅបង្កើនសុខភាពកាន់តែរឹងមាំ និងបង្កើនភាពស្និទ្ធស្នាលទៀតផង។ ការប្រកួតបាល់បោះបុរស-នារី ពានរង្វាន់វិទ្យាស្ថាន ខេមអេដ ឆ្នាំ២០២៤ មាននិស្សិតចូលរួម ១៩៣នាក់ ចែកចេញជា ២៩ក្រុម ក្នុងនោះមានបុរស ១៥ក្រុម ចែកចេញជា៤ពូល និងក្រុមនារី ១៤ក្រុម ចែកជា ៤ពូលដូចគ្នា។ តាមការគ្រោងទុក ការប្រកួតនេះនឹងត្រូវឈានដល់វគ្គផ្តាច់ព្រ័ត្រ និងបិទកម្មវិធីប្រកួតបំពាក់មេដាយ និងប្រគល់ពានរង្វាន់ជាផ្លូវការ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ