ឯកឧត្តម ឆោម សំបូរ៖ កីឡាជាតិលើកទី៤នេះពិសេសជាងលើកមុនៗកីឡាល្អឆ្នើមនិងត្រូវបញ្ជូលក្នុងតារាងចំណាត់ថ្នាក់World Amateur Golf Ranking
ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ សម្រាប់កីឡាវាយកូនគោល បានចាប់ផ្តើមដំណើរការប្រកួតហើយ នាព្រឹកថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ។
ឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានគូសបញ្ជាក់ថា ការប្រកួតដំណើរការរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨ ខែ វិច្ឆិកា ដោយធ្វើឡើងនៅលើទីលានកីឡាវាយកូនគោលចំនួន២ គឺ ថ្ងៃបើកការប្រកួតដល់ថ្ងៃទី៦ នៅទីលានរ៉ូយ៉ាល់ភ្នំពេញ និងថ្ងៃទី៧ដល់ទី៨បិទការប្រកួតធ្វើឡើងនៅលើទីលានកីឡាវាយកូនគោលហ្គ្រែនភ្នំពេញ។ អគ្គលេខាធិការរង ខាងលើ បានបញ្ជាក់ទៀតថា ការប្រកួតក្នុងឆ្នាំ២០២៤នេះ ការចូលរួមរបស់អត្តពលិកប្រហាក់ប្រហែលនិងកីឡាជាតិលើកទី៣ឆ្នាំ២០២២ ដោយមានក្លឹបរាជធានីខេត្តចូលរួមចំនួន៨ក្នុងនោះមានក៏មានរួមបញ្ចូលក្រសួងចំនួន២ គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ សរុបកីឡាករកីឡាការិនីចំនួន៥៦នាក់។
ឯកឧត្តម ឆោម សំបូរ បានអះអាងថា សម្រាប់កីឡាជាតិលើកទី៤នេះ មានក្ខណៈល្អខុសប្លែកបន្តិចពីកីឡាជាតិមុនៗ ដោយសហព័ន្ធទើបតែស្នើរសុំបញ្ចូលកីឡាករកីឡាការិនីល្អឆ្នើមៗដាក់បញ្ចូលឈ្មោះទៅក្នុងតារាងចំណាត់ថ្នាក់World Amateur Golf Rankingរបស់អន្តរជាតិ និងបញ្ចូលជាក្រុមជម្រើសជាតិកីឡាវាយកូនគោលហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃក្នុងឆ្នាំ២០២៥ខាងមុខនេះផងដែរ។
កីឡាការិនីវាយកូនគោលមកពីខេត្តសៀមរាប រ៉ាន់ សុខកើយ ជុំវិញការចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤នេះ បានបង្ហាញចំណាប់អារម្មណ៍ថា ការចូលរួមរបស់នាងក្នុងព្រឹត្តិការណ៍រៀងរាល់២ឆ្នាំម្តងនេះ ជាលើកទី២ហើយ ដោយលើកទី១ក្នុងឆ្នាំ២០២២ដណ្តើមបានមេដាយប្រាក់ និងលើកទី២នេះ តាំងចិត្តប្រកួតប្រជែងដណ្តើមឱ្យបានមេដាយមាស។
រ៉ាន់ សុខកើយ ក៏បានបង្ហាញនូវអារម្មណ៍ពិតទៀតថា ការដែលនាងបង្ហាញវត្តមាននេះ ការចង់បានជ័យជម្នះជារឿងមួយ គោលបំណងមួយទៀតនោះ គឺនាង ចង់ចូលរួមផ្សព្វផ្សាយជួបំផុសឱ្យកីឡាវាយកូនគោលនៅកម្ពុជារីកចំរើន និងមានកីឡាការិនីចូលរួមប្រកួតច្រើននៅពេលអនាគត។
សូមបញ្ជាក់ថា កីឡាជាតិលើកទី៤នេះ សម្រាប់ប្រភេទកីឡាវាយកូនគោលដំណើរការប្រកួតរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយធ្វើការប្រកួតនៅលើទីលានចំនួន២ គឺទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ និងទីលានកីឡាវាយកូនគោលហ្គ្រែនភ្នំពេញ មានរាជធានីខេត្តនិងក្រសួងចូលរួមចំនួន៨ដូចជាក្រសួងការពារជាតិ ក្រសួងមហា ផ្ទៃ រាជធានីភ្នំពេញ កណ្តាល សៀមរាប តាកែវ បាត់ដំបង និងខេត្តព្រះសីហនុ ៕
ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ