ក្រសួងការងារ ចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយវិស័យឯកជន

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើ​អនុស្ស​រណៈ នៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងធនាគារ​កាណាឌីយ៉ា ដើម្បីរួមគ្នាអភិវឌ្ឍកម្លាំងពលកម្ម និង អក្ខរកម្មហិរញ្ញវត្ថុ ។ ពិធីចុះ​ហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងនាព្រឹកថ្ងៃទី០៤ ខែ​វិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) ស្ថិតក្នុងអគារ​នៃផ្សារទំនើបអូលាំព្យាដ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកឧកញ៉ា វ៉ាន់ ឆារស៍ អភិ​បាល កាណាឌីយ៉ា គ្រុប, លោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុម​ប្រឹក្សា​ភិបាលក្រុមហ៊ុនវិនិយោគ​ទុន​អាណិកជនកម្ពុជា (OCIC) និង ជានាយកប្រតិបត្តិ មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) ។

លោកឧកញ៉ា វ៉ាន់ ឆារស៍ អភិបាលកាណាឌីយ៉ា គ្រុប និងលោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និង ជានាយកប្រតិបត្តិ មន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital) បាន​សម្តែងការរីករាយដែលបានក្លាយជាដៃគូសហការជាមួយក្រសួងការងារ ក្នុងការ​ពង្រឹ​ក​ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយលោកឧកញ៉ាសង្ឃឹមថា ធនាគារ កាណាឌីយ៉ា នឹងចូលរួមជាមួយក្រសួង ដើម្បីអភិវឌ្ឍកម្លាំងពលកម្ម និង អក្ខរកម្ម​ហិរញ្ញវត្ថុ ។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានចាត់ទុកការចុះហត្ថលេខាលើអនុស្សរណៈ នៃការ​យោគ​យល់គ្នាចំនួន ៣ នៅពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់លើការថែទាំ និងលើកកម្ពស់សុខភាពសាធារណៈ ជាពិសេស លើកកម្ពស់សុខុមាលភាពរបស់​មន្រ្តី ហើយក៏ផ្តល់ឱកាសដល់យុវជន ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏បានថ្លែងអរគុណដល់ក្រុមហ៊ុនទាំង៣ ដែលជ្រើស​រើសក្រសួងការងារ ជាដៃគូសហការ ហើយសង្ឃឹមថា នឹងចូលរួមអនុវត្ត អនុស្ស​រណៈ នៃការយោគយល់គ្នានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣នេះ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរពេទ្យ អ៉ីនធ័រឃែរ ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់មន្រ្តី និងក្រុមគ្រួសារមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ២. អនុស្ស រណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុម ហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ស្តីពី ការអភិវឌ្ឍកម្លាំងពលកម្ម និងការ អប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធនាគារ កាណាឌីយ៉ា ក.អ ស្តីពី​ការអភិវឌ្ឍកម្លាំងពលកម្ម និងអក្ខរកម្មហិរញ្ញវត្ថុ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner