កម្ពុជា-ចិន រួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ កម្ពុជាប្តេជ្ញាថានឹងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងជាមួយចិន ឱ្យឈានដល់កម្រិតថ្មីមួយទៀត ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ នេះជាការលើកឡើងរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងវេទិកា «សហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា ឆ្នាំ២០២៤» នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
«វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ២០២៤» ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។វេទិកានេះរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ក្នុងឱកាសនេះឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា នឹងបង្កើតបានជាទស្សនៈវិស័យកាន់តែធំទូលំទូលាយ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន-កម្ពុជាប្រកបដោយចីរភាព ហើយក៏នឹងចាក់បញ្ចូលថាមពលកាន់តែខ្លាំងក្លា ដល់កម្ពុជាក្នុងការសម្រេចបាននូវបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍខ្លាំងក្លា ហើយការបង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា គឺចំពេលវេលាដែលត្រឹមត្រូវ បង្ហាញយ៉ាងកាន់តែច្បាស់អំពីការផ្តល់សារៈសំខាន់កាន់តែខ្លាំង ទៅលើកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិន និងកម្ពុជាទាំងពីរ។
ជុំវិញរឿងឌីជីថលនេះដែរ ដើម្បីជំរុញដល់កិច្ចការទាំងនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគ្រោងនឹងដាក់ឱ្យអនុវត្តនូវប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (e-invoicing system) នាពេលដ៏ខ្លីខាងមុខ ដើម្បីបង្កភាពកាន់តែងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន។ បន្ថែមពីនោះទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ សម្រាប់សេដ្ឋកិច្ចឌីជីថល កម្ពុជា និងចិន បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ។សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈក្រសួងពាណិជ្ជកម្មកម្ពុជា បានអនុវត្តគម្រោង Go4eCam ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅកម្ពុជា។
កម្ពុជាកាលពីឆ្នាំ២០២៣ កន្លងទៅ បានចុះអនុស្សារណៈភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោក បែបអេឡិចត្រូនិក ជាមួយក្រុមហ៊ុន Alibaba ដើម្បីជំរុញការនាំចេញការពង្រីកទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងសមត្ថភាព និង បច្ចេកវិទ្យាឌីជីថល និង ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។
ក្នុងទិដ្ឋភាពនៃការទូទាត់សងប្រាក់ឌីជីថល ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យប្រើប្រាស់នូវការទូ ទាត់សងប្រាក់ឆ្លងកាត់ព្រំដែន ដោយប្រើប្រាស់ QR Cord ជាមួយក្រុមហ៊ុន Ant International តាមរយៈហេដ្ឋារចនាសម្ព័ន្ធទូទាត់សងប្រាក់ ឌីជីថលកម្ពុជា ហៅកាត់ថា «បាគង» ជាមួយនឹង «Allpay+» ដែលត្រូវបានប្រើប្រាស់ ជាមធ្យោបាយទូទាត់សងប្រាក់ដ៏ពេញនិយមមួយរបស់ប្រជាជនចិន។
កិច្ចសហការនេះ នឹងសម្រួលច្រើន ដល់ការបញ្ជាទិញ និងការទូទាត់របស់ប្រជាជន ជាពិសេសសម្រាប់ភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់ចិន បាននិងកំពុងវិនិយោគ និងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដែលប្រការនេះបាននាំមកនូវឱកាសការងារ និងការបណ្តុះ បណ្តាលជំនាញឌីជីថលថ្មី ក៏ដូចជា ការផ្ទេរបច្ចេកវិទ្យា ដែលជាយថាហេតុនឹងជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជារួមផងដែរ។
សូមជម្រាបថា កម្ពុជា-ចិន នៅដើមឆ្នាំ២០២៤នេះ សម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ៩.៨ពាន់លានដុល្លារ កើនឡើង១៣.២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ។ក្នុងនោះកម្ពុជានាំចេញទៅចិនមានទំហំ ១.២៧ពាន់លានដុល្លារ កើនឡើង២១% ខណៈការនាំចូលពីចិនមកវិញមានទំហំ ៨.៥២ពាន់លានដុល្លារ កើនឡើង១២%៕
ដោយ៖គង់ សុផុល