ថៃច្នៃយន្តហោះ Boeing បោះចោល ទៅជាហាងកាហ្វេ

បាងកក ៖ នៅក្នុងប្រទេសថៃ យន្តហោះ Boeing 747 ដែលប្រើលែងកើត មួយគ្រឿង ត្រូវបានផ្លាស់ប្តូរ ទៅជាហាងកាហ្វេ ដោយតម្រូវឲ្យអ្នកចូលទស្សនា និងថតរូបភាព ចំណាយ ជាង៥ដុល្លារ ខណៈដែលតម្លៃភេសជ្ជៈ គិតថ្លៃផ្សេង។

ហាងកាហ្វេ Boeing 747 Bistro ផ្តល់ជូននូវភេសជ្ជៈជាច្រើនប្រភេទ រួមមាន Espresso, Latte, Cappuccino ក៏ដូចជា សូកូឡាទឹកដោះគោ ទឹកផ្លែឈើ និងសូដា តម្លៃមានចាប់ពី ២.៧០ដុល្លារ ទៅ៥.១០ដុល្លារ។ ហាងកាហ្វេមួយនេះ មានមនុស្សច្រើន នៅចុងសប្តាហ៍។ ដើម្បីជៀសវាងហ្វូងមនុស្ស ជាការល្អបំផុត ក្នុងការទៅលេង នៅថ្ងៃធ្វើការ។

លក្ខណៈពិសេសលេចធ្លោ របស់ហាងកាហ្វេនេះ គឺបទពិសោធន៍ នៅកាប៊ីនយន្ដហោះ ដែលភ្ញៀវអាចក្លែងធ្វើអ្នកបើកបរយន្តហោះ Boeing 747 ស្រដៀងនឹងអ្នកបើកយន្តហោះពិតៗ។

ហាងកាហ្វេច្នៃពីយន្តហោះ ប្រវែងជាង៧០ម៉ែត្រ មួយគ្រឿងនេះ មានទីតាំង នៅតំបន់ Lat Krabang ក្នុងទីក្រុងបាងកក ដែលពីមុន ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Orient Thai។ បន្ទាប់ពីឈប់ដំណើរការ នៅឆ្នាំ ២០១៨ យន្តហោះនេះត្រូវបានបោះបង់ចោល នៅអាកាសយានដ្ឋានសុវណ្ណភូមិ។ ក្រោយមក ម្ចាស់ថ្មី ឈ្មោះ Lawanrattanakul និង Nithiroj Chawalertwattanachai ដែលជាអ្នកចូលចិត្តអាកាសចរណ៍ បានទិញហើយ ផ្លាស់ប្តូរទីតាំងវាទៅនៅចម្ងាយ ១០គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន។ យោងតាមទស្សនាវដ្តី Airways យន្តហោះត្រូវរុះរើ ជា៨ផ្នែក ដើម្បីសម្រួលដល់ការដឹកជញ្ជូន ទៅកាន់ទីតាំងថ្មី ដែលជាកន្លែងដែលវាត្រូវបានផ្គុំ និងជួសជុលឡើងវិញ។

បន្ថែមពីលើភេសជ្ជៈ ហាងកាហ្វេនេះក៏មានបម្រើអាហារសម្រន់ ដូចជា ប៊ឺហ្គឺ នំបុ័ងអាំង នំសាំងវិច និងបង្អែមដូចជានំសូកូឡា និងនំខេក ជាដើម។ ភ្ញៀវក៏អាចរីករាយជាមួយម៉ឺនុយ អាហារពេលល្ងាច ជាមួយនឹងជម្រើស ដូចជា សាច់អាំង ជាដើម៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner