លោក ពូទីន ជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនៅទីក្រុងមូស្គូ

បរទេស៖ ប្រធានាធិបតី ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ ចំពេលមានការអះអាងពីលោកខាងលិចថា រុស្ស៊ីគ្រោងនឹងដាក់ពង្រាយទាហានរាប់ពាន់នាក់ របស់កូរ៉េខាងជើង ទៅក្នុងជម្លោះអ៊ុយក្រែន។

លោកស្រី Choe បានស្ថិតនៅក្នុងប្រទេសរុស្ស៊ី រយៈពេលមួយសប្តាហ៍ ហើយបានសន្យាថា កូរ៉េខាងជើងនឹងឈរក្បែរប្រទេសរុស្ស៊ី រហូតដល់ឈានដល់ «ជ័យជំនះ» របស់ខ្លួន នៅអ៊ុយក្រែន។

វិមានក្រឹមឡាំងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានាធិបតី ពូទីន បានទទួលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Choe Son Hui ដោយបានចេញផ្សាយវីដេអូ នៃអ្នកទាំងពីរចាប់ដៃគ្នា មុនពេលមានកិច្ចពិភាក្សា»។

យោងតាមការបកប្រែ ជាភាសារុស្សី លោកស្រី Choe បានថ្លែងអំណរគុណ ចំពោះលោកពូទីន ដែលបានជួបលោកស្រី និងបានជូនពរ ពីសំណាក់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

លោកស្រី Choe កាលពីសប្តាហ៍មុន បានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ហើយបាននិយាយថា ទីក្រុងព្យុងយ៉ាងមានបំណងចង់នៅខាងភាគីរុស្ស៊ី ក្នុងអ្វីដែលលោកស្រីហៅថា «ការតស៊ូដ៏ពិសិដ្ឋ» នៅអ៊ុយក្រែន។

លោកខាងលិចបានអះអាងថា ទាហានកូរ៉េខាងជើង ប្រហែល ១ម៉ឺននាក់ ស្ថិត នៅក្នុងប្រទេសរុស្ស៊ី ហើយអាចត្រូវបានបញ្ជូន ទៅប្រយុទ្ធក្នុងពេល ឆាប់ៗនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner