ការប្រកួតប៊ីយ៉ាកីឡាជាតិលើកទី៤ Lux98 Billiard គាំទ្រផ្តល់ទីតាំងប្រកួត​ជាការរួម​ចំណែកលើកស្ទួយវិស័យកីឡាជាតិ

អត្ថបទដោយ៖
ជឹម ភារ៉ា

(ភ្នំពេញ)៖ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ សម្រាប់ប្រភេទកីឡាប៊ីយ៉ាបានដំណើរការប្រកួតហើយ នាព្រឹកថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមកិច្ចសហការគាំទ្រផ្តល់ជូនទីតាំងប្រកួតដោយក្លឹប Lux98 Billiard មានបទពិសោធន៍លើវិស័យប៊ីយ៉ាជាង១០ឆ្នាំ។

កញ្ញា ហេង ចាង ម្ចាស់ក្លឹបប៊ីយ៉ា Lux98 Billiard បានគូសបញ្ជាក់ថា ក្នុងនាមជា​ក្លឹប​បម្រើរការលើវិស័យកីឡាប៊ីយ៉ាពិតជាមានទោនៈភាពខ្លាំងណាស់​ដែលក្លឹប​ត្រូវ​បានជ្រើសជាទីតាំងប្រកួតកីឡាជាតិដ៏ធំរៀងរាល់២ឆ្នាំម្តងនេះ។
កញ្ញា លើកឡើងទៀតថា ចូលរួមផ្តល់ទីតាំងប្រកួតជូនសហព័ន្ធរៀបចំ​ការប្រកួត​ដោយ​​មិនយកនូវប្រាក់កម្រៃ សម្រាប់ការប្រកួតកីឡាជាតិនេះ គឺជាការចូលរួម​ចំ​ណែក​មួយរបស់ក្លឹប ដើម្បីលើកស្ទួយអភិវឌ្ឍន៍វិស័យកីឡាប៊ីយ៉ានៅកម្ពុជា​ឱ្យកាន់​តែរីកចម្រើន​ដូចបណ្តាប្រទេសនៅក្នុងតំបន់។

ម្ចាស់ក្លឹបខាងលើ បានអះអាងទៀតថា ក្រៅពីការចូលរួមចំណែកផ្តល់ជាទីតាំង​ក្នុង​ការ​រៀបចំការប្រកួតដល់សហព័ន្ធដើម្បីរៀបចំការប្រកួតកម្រិតជាតិ​និងអន្តរជាតិ​ផ្សេងៗក្លឹប Lux98 Billiard ក៏បានជួយផ្តល់ជូននូវការហ្វឹកហាត់សម្រាប់កីឡាករ​កីឡា​ការិនីតាមរយៈការផ្តល់ជាគ្រូបង្វឹកជួយណែនាំបង្ហាត់បង្រៀនផងដែរ។ ការចូលរួមជាមួយសកម្មភាពទាំងអស់នេះ គឺជាការចូលរួមបំផុសជួយ​ឱ្យវិស័យ​កីឡាមួយនេះនៅកម្ពុជា​កាន់តែមានអ្នកចូលចិត្តលេងច្រើន ដើម្បីផលិតបាននូវធន​ធានឆ្នើមៗនិងមានសក្កានុពលប្រកួតតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិ ដណ្តើម​នាំយកមេដាយជូនកម្ពុជាលើកកិតិយសកម្ពុជានៅលើឆាកអន្តរជាតិ។

កញ្ញា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំយុវជននិងកីឡា និងសហព័ន្ធដែលបង្កើតកីឡាជាតិ ផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីកីឡាប៊ីយ៉ា​បានប្រកួតប្រែងបញ្ចេញសមត្ថភាព ដើម្បីអភិវឌ្ឍន៍សមត្ថភាពក្លាយជាកីឡាករ​កីឡាការិនីឆ្នើមសម្រាប់កម្ពុជា។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ា និងស្នុកឃ័រ បានគូសបញ្ជាក់ឱ្យដឹងដែរថា ព្រឹត្តិការកីឡាជាតិលើ៤នេះ សម្រាប់កីឡាប៊ីយ៉ា បានដំណើរការប្រកួតចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយមានរាជធានី ខេត្ត និងក្រសួងចូលរួមចំនួន៧ មានដូចជា ក្រសួងមហាផ្ទៃ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ។

អគ្គលេខាធិការរូបនេះ បានលើកឡើងបន្ថែមទៀតថា សម្រាប់វិញ្ញាសាប្រកួតមាន​ចំនួន​៦ ដោយបន្ថែម លើសចំនួន១វិញ្ញសា កាលពីកីឡាជាតិលើកទី៣។ មួយវិញ្ញា​សា ដែលបន្ថែមនេះមានឈ្មោះថា ហីបល ជាវិញ្ញសាប៊ីយ៉ាមួយ ដែលពិភពលោក​ចូល​ចិត្តលេង ហើយថែមទាំងបានជំរុញឱ្យអារម្មណ៍អ្នកលេងកញ្ជ្រោលចង់លេង ។ដូចនេះហើយ ការបន្ថែមវិញ្ញាសាថ្មីដែលមានប្រភពពីចិនមួយនេះ ជាការបំផុសឱ្យ​មានអ្នកលេងនិងហ្វឹកហាត់កាន់តែច្រើន។

លោក អះអាងថា វិញ្ញាសាថ្មីមួយនេះ និងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៧លើកទី៣៤ ហើយក៏កំពុងបន្តដាក់ចូលទៅ​ក្នុងកី​ឡាអូឡាំពិកផងដែរ៕

ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner