ពិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) បានទាក់ទាញឱ្យក្រុមហ៊ុនឯកជនឱ្យចូលរួមលើកកំពស់វិស័យថាមលនៅកម្ពុជា
(ភ្នំពេញ)៖កម្មវិធី ប្រកួតប្រជែងមួយដែលមានឈ្មោះថាប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) រដូវកាលទី២” ដែលបានផ្តោតលើការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម បានទាក់ទាញ ក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន២១ ចូលរួមប្រកួតប្រជែងដើម្បី ចូលរួមលើកកំពស់វិស័យថាមលនៅកម្ពុជា។
គួរបញ្ជាក់ថាការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្មកន្លងមកគឺ បានបង្ហាញពីការសន្សំថាមពលយ៉ាងច្រើន និងការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត រហូតដល់ប្រមាណ ៣៥០តោនទៀតផង។
លើកឡើងនៅក្នុង”ពិធីបិទ និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែង ដែល បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថានកាលពីថ្ងៃម្សិលម៉ិញ (០៤ ខែវិច្ឆិកា ឆ្នាំ២០២៤) លោក Frantz Vaganay, សហស្ថាបនិកនៃកម្មវិធី CEE Comp ឱ្យដឹងថា កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងបង្អស់នៅកម្ពុជា ក្នុងការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យសណ្ឋាគារនៅកម្ពុជា។
លោកបាននិយាយថា ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ដែលបានទទួលស្គាល់តួនាទីសំខាន់របស់វិស័យឯកជន និងអង្គការអន្តរជាតិ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រសិទ្ធភាពថាមពលនៅកម្ពុជា។
លោកស្រី Laura Pretto, អ្នកជំនាញខាងផ្នែកប្រែប្រួលអាកាសធាតុ, UNDP/CCCA3 បានលើកឡើងថា កម្មវិធីបានទាក់ទាញការចូលរួមយ៉ាងសកម្ម របស់វិស័យឯកជន ដែលបង្ហាញពីតួនាទីសំខាន់ របស់ក្រុមហ៊ុនពាណិជ្ជកម្ម និងសណ្ឋាគារជាច្រើន ដែលបានចំណាយពេលវេលា និងខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីអគាររបស់ខ្លួន ។
លោក François Schnoebelen, នាយកសាលាទេសចរណ៍អង្គការ Ecole Paul Dubrule ម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងឆ្នាំនេះលើកឡើងថា ការប្រកួតប្រជែងនេះ បានបំផុសគំនិតដល់ស្ថាប័នរបស់លោក ឱ្យគិតឡើងវិញ ពីរបៀបប្រើប្រាស់ថាមពល និងបង្កើតទម្លាប់ប្រើប្រាស់ថាមពល។ តំណាងអង្គការ WWF បានសំដែងការអបអរសាទរ ការចូលរួមចំណែករបស់ស្ត្រី ដែលចូលរួមក្នុងការប្រកួតប្រជែងនេះ ។
លោកបានបន្ថែមថា ការប្តេជ្ញាចិត្តរបស់ពួកគេ មិនត្រឹមតែជួយកាត់បន្ថយ ការចំណាយលើថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរជាវិជ្ជមាន ចំពោះបរិស្ថានផងដែរ ជាពិសេសការសន្សំថាមពល និងបានកាត់បន្ថយការបំភាយកាបូន។ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក៏បានរួមចំណែក លើកទឹកចិត្តអ្នកពាក់ព័ន្ធ ឱ្យចូលរួមក្នុងការប្រកួតប្រជែងនេះ ។
ឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងថា ក្រសួងបរិស្ថានជំរុញវប្បធម៌ សន្សំសំចៃថាមពល ពីសំណាក់អ្នកប្រើប្រាស់ ប្រដោយភាពច្នៃប្រឌិត ជួយដល់បរិស្ថាន។ កម្ពុជា បានប្តេជ្ញាចិត្តសម្រេចឲ្យបានជាប្រទេសអព្យាក្រឹតកាបូននាឆ្នាំ ២០៥០ ក៏ដូចជាចូលរួម ការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ ៕
ដោយ ៖ ម៉ាដេប៉ូ