សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យឈ្មោះ លី សាម៉េត ទៅតុលាការពាក់ព័ន្ធករណីឆបោក
ភ្នំពេញ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ លី សាម៉េត ហៅគ្រូមា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីឱ្យព្រះរាជអាជ្ញា និងចៅក្រមធ្វើការសាកសួរតាមនីតិវិធី ពាក់ព័ន្ធករណីឆបោក។ ការបញ្ជូនខ្លួនទៅតុលាការបន្ទាប់ពីសមត្ថកិច្ចបានធ្វើការសាកសួរលើជនសង្ស័យឈ្មោះ លី សាម៉េត រួចរាល់។
លោក លី សាម៉េត បានចូលខ្លួនសារភាព និងបានប្រគល់ខ្លួនឱ្យសមត្ថកិច្ចកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ បន្ទាប់ពីចូលខ្លួនសារភាព លោក លី សាម៉េត ត្រូវបានសមត្ថកិច្ចនាំខ្លួនពីខេត្តព្រះសីហនុមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានបញ្ជាក់នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះថា ករណីលោក លី សាម៉េត គឺគាត់បានចូលមកសារភាព និងប្រគល់ខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ សមត្ថកិច្ចបាននាំខ្លួនលោក លី សាម៉េត ពីខេត្តព្រះសីហនុ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សមត្ថកិច្ចបានធ្វើការសាកសួរ និងបានបញ្ជូនលោក លី សាម៉េត ទៅកាន់តុលាការអនុវត្តទៅតាមនីតិវិធី។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តថា កិច្ចការងារនេះ ក៏យើងបានអនុវត្តទៅតាមដីការបស់តុលាការផងដែរ ហើយបច្ចុប្បន្ននេះ ហើយកំពុងអនុវត្តទៅតាមនីតិវិធី។
គួររម្លឹកឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា នេះថា ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។ លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។
សម្តេចតេជោសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ។
សូមបញ្ជាក់ថា កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការដើម្បីចេញដីការការពារទ្រព្យសម្បត្តិលោក លី សាម៉េត (ហៅគ្រូមា) ដើម្បីទុកសងដល់អ្នកចាញ់បោកលោក លី សាម៉េត។ អ្នកចាញ់បោកលី សាម៉េត ទាំងអស់ដាក់ពាក្យប្តឹងឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។ ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់ និងស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមថា ដោយរឿងច្រើនពេកថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា)។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែ លលី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែមុខទៅខាងណាផង។ ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថា យកមកឲ្យខ្ញុំតែពេល សុខ ឡេង ផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពី លី សាម៉េត ប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ដោយពេលនោះយក លី សាម៉េត ទៅសួរចម្លើយនិងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។ មុននេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់ទៅ លី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន២៣ម៉ឺនដុល្លារ ក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសំឡេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។ ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលក្រុងអរីយក្សត្រថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០ម៉ឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរីយក្សត្រ។
សម្តេចតេជោបានបញ្ជាក់ថា ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំងនិងតំឡើងស័កមន្ត្រីរាប់ម៉ឺននាក់ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយទទួលបានការជួយពីខ្ញុំថែមទៀតដើម្បីឱ្យពួកគាត់មានមធ្យោបាយធ្វើការ៕
ដោយ៖ពលជ័យ