សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ទៅចូលរួម កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍ ដែលជំរុញដោយនវានុវត្តន៍» កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេក ម៉ិក-ACMECS) លើកទី១០ ក្រោមមូលបទ “ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូន សម្រាប់សមាហរណកម្ម អនុតំបន់មេគង្គ» និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុល ភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យ របស់នាយករដ្ឋមន្ត្រី បានឱ្យដឹងថា អញ្ជើញ អមដំណើរ សម្ដេចធិបតី រួមមាន៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការមហាអនុតំបន់ មេគង្គ រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមកពីសភាពាណិជ្ជកម្ម និងសមាគមឧកញ៉ា កម្ពុជា។
កិច្ចប្រជុំកំពូលទាំងនេះ នឹងពិនិត្យលើសមិទ្ធផល ដែលសម្រេចបាន និងកំណត់ទិសដៅអនាគត សម្រាប់ ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែម នូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូ ក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើក កម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងបង្ហាញផងដែរអំពីសារសំខាន់ នៃសន្តិភាពប្រកប ដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏ដូចជាការរួមរស់ដោយ សន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។
ឯកឧត្តម មាស សុភ័ណ្ឌ បានប្តថា ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគុនមិញ សម្ដេចធិបតី គ្រោងនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេស ផងដែរ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត