បោះឆ្នោតនៅអាមេរិក ៖ តើនៅពេលណាដែលយើងនឹងដឹងថា អ្នកណាឈ្នះ?

បរទេស៖ ប្រជាជនអាមេរិកបានសម្រុកទៅបោះឆ្នោត នៅថ្ងៃនេះ។ តាមច្បាប់ ប្រជាពលរដ្ឋមិនបោះឆ្នោតដោយផ្ទាល់ សម្រាប់មេដឹកនាំ របស់ពួកគេនោះទេ។ ផ្ទុយទៅវិញ សន្លឹកឆ្នោតត្រូវបានបោះ ដើម្បីជ្រើសរើសសមាជិក ៥៣៨នាក់ នៃក្រុមដែលគេហៅថា Electoral College ដែលសំដៅលើ ចំនួនអសនៈ តំណាងឲ្យអង្គបោះឆ្នោត។ បន្ទាប់មក ក្រុមនេះ ជ្រើសរើសប្រធានាធិបតី និង អនុប្រធានាធិបតី។

រដ្ឋធំៗ ដោយមានអ្នកតំណាងកាន់តែច្រើន នៅក្នុងសភាសហរដ្ឋអាមេរិក ទទួលបានចំណែកធំ នៃចំនួនអសនៈ។ អនុប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និង គូប្រជែងមកពីគណបក្សសាធារណរដ្ឋ គឺ លោក Donald Trump នឹងប្រជែងគ្នា ធ្វើយ៉ាងណា ឲ្យទទួលបានសម្លេងគាំទ្រ ២៧០អសនៈ ឬ Electoral College ចំនួន ២៧០នាក់ ដែលជាការចាំបាច់ ធានាថា ពួកគេណាម្នាក់ នឹងឈ្នះឆ្នោត ធ្វើជាប្រធានាធិបតី។ មនុស្សប្រហែល ៨១ លាននាក់ បានបោះឆ្នោត នៅមុនថ្ងៃបោះឆ្នោត ស្មើនឹងជាងពាក់កណ្តាល នៃសន្លឹកឆ្នោតសរុប ក្នុងឆ្នាំ២០២០។

ចំពោះការរាប់សន្លឹកឆ្នោតវិញ បន្ទាប់ពីការបោះឆ្នោតរួច មន្ត្រីរៀបចំការបោះឆ្នោតមូលដ្ឋាន ចាប់ផ្តើមដំណើរការរាប់ ខណៈដែល វិធីសាស្ត្រគណនាខុសគ្នា ពីទីតាំងមួយ ទៅទីតាំងមួយទៀត។ ជាជាងរង់ចាំឱ្យអ្នកឈ្នះ ត្រូវបានប្រកាស ដោយអាជ្ញាធរមូលដ្ឋាននោះ សារព័ត៌មានសហរដ្ឋអាមេរិក ជាអ្នកបញ្ជាក់ពីលទ្ធផលដឹងមុន ជាបឋម ដោយផ្អែកលើអ្វីដែលពួកគេឃើញ នៅក្នុងការបោះឆ្នោត ហើយប្រកាសជាសាធារណៈ។

ប៉ុន្តែ ដំណើរការនេះ មិនផ្លូវការទេ ដោយលទ្ធផល នៅតែត្រូវតែបញ្ជាក់ នៅកម្រិតរដ្ឋ ដោយសន្លឹកឆ្នោតនីមួយៗត្រូវរាប់បញ្ចូល។ ថ្ងៃផុតកំណត់សម្រាប់រដ្ឋ ដើម្បីបញ្ជាក់លទ្ធផល គឺថ្ងៃទី១១ ខែធ្នូ។ ត្រឹមថ្ងៃទី ២៥ ខែធ្នូ វិញ្ញាបនបត្របោះឆ្នោតតាមរដ្ឋនីមួយៗ ត្រូវតែទទួលបានពីប្រធានព្រឹទ្ធសភា។ នៅថ្ងៃទី ៦ ខែមករា ស្ថាប័ននីតិបញ្ញត្តិ នឹងបញ្ជាក់លទ្ធផលផ្លូវការ មុនពេលដែលប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ត្រូវស្បថចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner