អត្តពលិកទូកក្តោងម្ចាស់ផ្ទះព្រះសីហនុ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីព្រឹការណ៍កីឡាជាតិលើកទី៤
(ខេត្តព្រះសីហនុ)៖ អត្តពលិកទូកក្តោងម្ចាស់ផ្ទះព្រះសីហនុ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីព្រឹការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤ លើប្រភេទកីឡាទូក្តោង បានបញ្ចប់ដោយជោគជ័យ ខណៈអត្តពលិកទូកក្តោងម្ចាស់ផ្ទះខេត្តព្រះសីហនុ ដណ្តើមបានមេដាយមាសច្រើនជាងគេ គឺមាស២ ប្រាក់១ និងសំរិទ្ធ ១គ្រឿង ។
ពិធីបិទការប្រកួតកីឡាទូកក្តោង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ខេត្តព្រះសីហនុ មានការចូលរួមពីលោក សាមុត សុធារិទ្ធ អភិបាលរង ខេត្តព្រះសីហនុ និងប្រតិភូកីឡារាជធានីខេត្ត-ក្រុងផងដែរ។
លោក សាមុត សុធារិទ្ធ បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហព័ន្ធកីឡាទូកក្តោង និងគណៈប្រតិភូកីឡាដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេស ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការនៃ ការប្រកួតកីឡាទូកក្តោង បានប្រព្រឹត្តិទៅកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមាន ដែលយើងទាំងអស់គ្នាអាចទទួលយកបាន ។
លោក បន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍ ធនធានមនុស្ស ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យ សកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច, លើកកម្ពស់តម្លៃ វប្បធម៌, និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជីវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោតលើអាទិភាពការពង្រឹង គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេស ការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ និងការបន្តជំរុញ ចលនា “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។
កីឡាករ កីឡាការិនី ទាំងអស់បានចូលរួមប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងនាមចិត្តជាកីឡាករយ៉ាងពិតប្រាកដដោយ ស្ម័គ្រចិត្តទទួលយកនូវលទ្ធផលចាញ់-ឈ្នះដែលជាធាតុដ៏សំខាន់ នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព ។ លោក សាមុត សុធារិទ្ធ បន្ថែម ។
លោក អភិបាលរងខេត្តបន្ថែមថា លទ្ធផល ដែលកីឡាករ- កីឡាការិនី ទទួលបានគឺកើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងទទួលបានការវិនិច្ឆ័យអំពីលក្ខណៈបច្ចេកទេស ភាពប៉ិនប្រសប់ និងលក្ខខណ្ឌដទៃទៀត ដោយគណៈកម្មការរៀបចំការប្រកួត ។ លោក សាមុត សុធារិទ្ធ បន្តថា វិស័យអប់រំកាយ និងកីឡា មិនត្រឹមតែបានផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើង តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណា ឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវ ភាពយុត្តិធម៌ សុចរិតធម៌ជានិច្ច ។ ជាមួយគ្នានេះដែរ ដើម្បីលើក កម្ពស់ប្រសិទ្ធភាពការងារឱ្យឆ្លើយតបតាមបរិបទនៃការរីកចម្រើន របស់សង្គមជាតិនោះ យើងត្រូវបង្កើនសកម្មភាពឱ្យបានខ្លាំងក្លាថែម ទៀត ក្នុងការបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ឱ្យមានសក្តានុពលគ្របដណ្តប់ទាំងផ្នែកបរិមាណ និងគុណភាព ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍កីឡាជាតិ លើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤ លើប្រភេទកីឡាទូកក្តោង បានធ្វើការប្រកួតរយៈពេល ៤ថ្ងៃ ពីថ្ងៃ ទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នៅឆ្នេរ Bay Of lights ខេត្តព្រះសីហនុ និងមាន៥ប្រតិភូរាជធានីខេត្ត-ក្រុងចូលរួម មានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកោះកុង និងក្រសួងមហាផ្ទៃ កីឡាករ កីឡាការិនីសរុប ២០នាក់៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ