ឯកឧត្តម កែវ រស់ ៖ វាយសីកីឡាជាតិ ធ្វើឡើងតាមស្តង់ដាជាតិ-អន្តរជាតិ ខណៈចំនួនកីឡាករ កីឡាការិនីកើនឡើងច្រើន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា​គូស​បញ្ជាក់ថា ការប្រកួតកីឡាវាយសីនៃកីឡាជាតិ ២០២៤ ត្រូវបានប្រារព្ធធ្វើឡើង​ស្របតាមស្តង់ដាបច្ចេកទេសទាំងថ្នាក់ជាតិ និងអន្តរជាតិ ខណៈចំនួនកីឡាករ កីឡាការិនីបានកើនឡើងគួរឱ្យកត់សម្គាល់។

ការប្រកួតនេះ មានប្រតិភូកីឡាចូលរួមសរុប ១៩៥នាក់ ក្នុងនោះប្រតិភូគ្រូបង្វឹក ៤៦នាក់ កីឡាករ ១២២នាក់ និងកីឡាការិនី ៥៣នាក់មកពី​៣ក្រសួង និងរាជធានី​ខេត្តចំនួន ១៣ ។ ការប្រកួតកីឡាវាយសីដំណើរការរយៈពេល​៤ថ្ងៃពីថ្ងៃទី០៤-០៨ ខែវិច្ឆិកា នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានវិញ្ញាសាចំនួន៧ ក្នុងនោះវាយទោល បុរស-នារី វាយគូបុរស-នារី វាយចម្រុះ វាយក្រុមបុរស និងវាយក្រុមនារី។

ឯកឧត្តម កែវ រស់ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិ​ជនពិការលើកទី២ ឆ្នាំ២០២៤ លើប្រភេទកីឡាវាយសី នៅឆ្នាំនេះមានការកើនឡើង​ចំនួនកីឡាករ-កីឡាការិនី ចូលរួមទាំង ០៧ វិញ្ញាសា ច្រើនជាងកាលពី​ប្រកួតកីឡា​ជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ឆ្នាំ២០២២ ដែលការចូលរួមបាន​បញ្ជាក់ពីវិសាលភាពផ្នែកកីឡាវាយសី។ ក្រុមការងារកំពុងខិតខំរៀបចំដំណើរការ​ប្រកួត ស្របទៅតាមស្តង់ដាបច្ចេកទេសរបស់សហព័ន្ធកីឡាវាយសីកម្ពុជា និងស្តង់​ដាអន្តរជាតិ ដែលជាការប្រកួតមួយប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌មិនលម្អៀង។

ជាមួយគ្នានេះ កីឡាការិនី ហៀង សុមាវតី មកពីខេត្តកំពង់ឆ្នាំងបានបង្ហាញចំណាប់​អារម្មណ៍​របស់ខ្លួនថា ឆ្លងកាត់២ប្រកួតលើវិញ្ញាសាវាយឯកត្តជននារី គឺកីឡាការិនី​រូបនេះ​បានយកឈ្នះ២ប្រកួត។ «ជាកត់សម្គាល់របស់នាងខ្ញុំ គឺថាទីលានវាយសីនៅ​ពហុកីឡដ្ឋានជាតិមានស្តង់ដា មានសោភ័ណ្ឌភាពស្អាតជានិច្ច។ នាងខ្ញុំចង់ឈ្នះការ​ប្រកួតបន្តបន្ទាប់ ដើម្បីប្រជែងឱ្យបានមេដាយជូនខេត្ត។ ដោយសារតែនាងខ្ញុំ​ស្រ​ឡាញ់​កីឡាវាយសី ដូច្នេះនាងខ្ញុំប្តេជ្ញាអភិវឌ្ឍសមត្ថភាពកីឡាវាយសីឱ្យបានរីក​ចម្រើនបន្ថែមទៀត ខ្ញុំនឹងដើរទៅមុខជាមួយកីឡាវាយសី។ ជាមួយគ្នានេះ នាងខ្ញុំ​ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយសីកម្ពុជា ដែលខិតខំរៀបចំការប្រកួតវាយសីនានា នាពេលកន្លងមក ក៏ដូចជាក្នុង​កីឡាជាតិនេះជាដើម»៕

ថតដោយ ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner