អង្គការ AHF លើកទឹកចិត្តអនាគតស្ត្រីជាអ្នកដឹកនាំ យកចិត្តទុកដាក់សុខភាពជាចម្បង ក្នុងទិវាក្មេងស្រីអន្តរជាតិ ២០២៤
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅកម្ពុជា ហៅកាត់ (AHF) បានប្រារព្ធទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៤ នៅអនុវិទ្យាល័យទួលសុវណ្ណារ៉ាម នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបង្កើនសម្លេង និងចក្ខុវិស័យរបស់ក្មេងស្រី និងយុវនារី ខណៈពេលស្វែងរកការគាំទ្រ និងគោលនយោបាយសម្រាប់ការអប់រំសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយឲ្យបានទូលំទូលាយ។
ការស្វែងរកការគាំទ្រ និងដំណោះស្រាយការគ្រប់គ្រងសុខភាពពេលមករដូវ និងការអប់រំសុខភាពបន្តពូជដែលសមស្របតាមវ័យ និងពង្រឹងសារៈសំខាន់នៃក្មេងស្រីដែលកំពុងចូលរៀន ចៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក ការកសាងជំនាញជីវិត និងបញ្ហាសំខាន់ៗផ្សេងទៀត ដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
ថ្លែងក្នុងពិធីនេះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសស្តីទី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅកម្ពុជា បានមានប្រសាសន៍ថា ការអប់រំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងជាពិសេសការផ្តល់ការអប់រំសុខភាពពេលមករដូវ ដែលអាចជួយក្មេងស្រីមិនជួបផលវិបាកនៅពេលសិក្សា និងអាចជួយឲ្យក្មេងស្រីមានដំណើរជីវិតល្អប្រសើរ។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា បន្ថែមថា ក្មេងស្រី និងស្ត្រីវ័យក្មេងនៅទូទាំងពិភពលោកប្រឈមមុខនឹងឧបសគ្គជាច្រើន ចំពោះការទទួលការអប់រំ ការងារ និងការថែទាំសុខភាព។
យោងតាមអង្គការយូនីសេហ្វបានបង្ហាញឲ្យឃើញថា ៧៥% នៃការឆ្លងមេរោគអេដស៍ថ្មី គឺក្នុងចំណោមក្មេងស្រីវ័យជំទង់។ ហើយប្រហែលក្មេងស្រីម្នាក់ ក្នុងចំណោមបួននាក់ ដែលមានដៃគូ ឬរៀបការ បានជួបប្រទះការរំលោភបំពានផ្លូវភេទ ឬរូបរាងកាយ។
ព្រឹត្តិការណ៍ទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៤ នឹងលើកកម្ពស់ ការអប់រំផ្លូវបន្តពូជដ៏ទូលំទូលាយ និងសមភាពយេនឌ័រ លើកកម្ពស់ការយល់ដឹង និងជួយក្មេងស្រីឱ្យរស់នៅមានសុខភាពល្អ និងផ្តល់សិទ្ធិគ្រប់គ្រងជីវិតរបស់ពួកគាត់។
ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ក្មេងស្រីនៅបណ្តាប្រទេសដែលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ធ្វើការងារ បានសម្ពោធដំណើរការកម្មវិធី Girls Act ជាកម្មវិធីក្មេងស្រី ដែលទទួលបានជោគជ័យនៅក្នុងទ្វីបអាហ្រ្វិកក្នុងឆ្នាំ ២០១៦។ ចាប់តាំងពីពេលនោះ មកកម្មវិធីនេះបានពង្រីកទៅជិត៤០ប្រទេសនៅតាមបណ្តាប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាមេរិក អាស៊ី និងអឺរ៉ុប៕
អត្ថបទ ៖ ឈឹម ទីណា