រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យផ្ទាល់ចលនាភូមិគំរូ នៅស្រុកសំឡូត
បាត់ដំបង៖ដោយផ្តើមចេញពី”គម្រោងការកសាងភូមិសន្តិភាព”តាមរយៈធ្វើឱ្យប្រសើរឡើងក្នុងការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ភូមិចំនួនបី ក្នុងស្រុកសំឡូតដែលជាស្រុកគោលដៅរបស់គម្រោង ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបានដាក់បញ្ជូលទៅក្នុង ផែនការអភិវឌ្ឍន៍ចលនាភូមិគំរូ ។
ភូមិគំរូដែលស្ថិតក្នុងក្របខ័ណ្ឌនៃ”គម្រោងការកសាងភូមិសន្តិភាព”នេះ មាន៣ភូមិ ក្នុងនេះ ឃុំស៊ុង មាន២ភូមិគឺភូមិកណ្តាលមានកសិករចូលរួមចំនួន១៦៥នាក់និងភូមិស៊ុង១ មានកសិករចំនួន៦៥នាក់ និងឃុំកំពង់ល្ពៅ មានភូមិព្រៃធំមានកសិករចូល រួមចំនួន២៥នាក់។គម្រោងមួយនេះជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េនិងសម្របសម្រួលទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ កយកា(KOICA)ហើយដាក់អនុវត្តរយៈពេល៥ឆ្នាំ(២០២២-២០២៦)
ដើម្បីដឹងថា វឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រេចបានដល់កម្រិតណា កាលពីថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ,លោក ស៊ីន យ៉ុងវ៉ា (ShinYonghwa)នាយករងទីភា្នក់ងារសហប្រតិបត្តិការអន្តរ ជាតិកូរ៉េ ជាម្ចាស់ជំនួយ និង ក្រុមការងារ អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញទៅពិនិត្យជាក់ស្តែងបណ្ដាភូមិទាំងនេះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ពីវត្តមានរបស់លោក និងប្រតិភូថាមកទីនេះ ដើម្បីពិនិត្យស្វែងយល់ពីស្ថានភាពជាក់ស្តែង ស្វែងយល់ផលលំបាកនិងការប្រឈមនានាដែលបងប្អូនក្នុងសហគមន៍ជួបប្រទះ និងដើម្បីផ្ដល់នូវដំណោះស្រាយសមស្របឆ្លើយតបតាមតម្រូវការនិងមានប្រសិទ្ធភាព។ឯកឧត្តម ឆាយ ប្ញទ្ធីសែនបានប្រាប់ពី យុទ្ធសាស្ដ្រអាទិភាពទាំង៤របស់ក្រសួងគឺ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទ។ទី២.ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ។ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទនិងទី៤.ការពង្រឹងសេវាគាំទ្រ រដ្ឋបាល និងកិច្ចការទូទៅ។
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទបានគូសរំលេចថា ក្រោមម្លប់សន្ដិភាព ដែលមានសម្ដេចតេជោ ហ៊ុន សែន មគ្គទេ្ទសក៍ឯក និងបន្ដវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីបានខិតខំកែប្រែប្រទេសដែលធ្លាប់ទទួលការញាំញី ដោយសង្គ្រាមរាំរ៉ៃឱ្យមានការអភិវឌ្ឍនិងធ្វើឱ្យប្រជាជនរស់នៅក្នុងជីវភាពល្អប្រសើរ។
សូមបញ្ជាក់ថាគម្រោង“ការកសាងភូមិសន្តិភាព”តាមរយៈនៃការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”ជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េនិងសម្របសម្រួលទីភា្នក់ងារកយកា ដោយផ្តោតលើការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ,លើកកម្ពស់សេដ្ឋកិច្ចសង្គមនៅតំបន់ជនបទតាមរយៈការបង្កើនប្រភពនិងប្រាក់ចំណូលតាមគ្រួសារឱ្យមានជីវភាពបានសមរម្យនិងមានប្រាក់ចំណូលប្រកបដោយចីរភាព។គម្រោងនេះត្រូវអនុវត្តរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២២-២០២៦ ក្នុងខេត្តគោលដៅចំនួន៣ គឺខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ និងមានភូមិគោលដៅសរុបចំនួន ៣០ភូមិ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.