លោក ហ្សេលេនស្គី ថា ត្រឹមមួយខែតុលា រុស្ស៊ីប្រើដ្រូនជាង ២ ពាន់គ្រឿងកម្ទេចអ៊ុយក្រែន

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អះអាងថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូនជាង ២.០២៣គ្រឿង ក្នុងខែតុលា វាយប្រហារប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

កាសែតជប៉ុន NHK បានរាយការណ៍ថា លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ថ្មីៗនេះថា រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនពិឃាតវាយលុកប្រឆាំងនឹងអ៊ុយក្រែនជារៀងរាល់ថ្ងៃ កាលពីខែតុលា។

មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា យន្តហោះដ្រូនទាំងនោះ មានជាប់ពាក់ព័ន្ធនឹងសមាសធាតុជាង ១៧០,០០០គ្រឿង ដែលគួរតែមានវិធានការរារាំង ត្រូវបានផ្គត់ផ្គង់ទៅឱ្យប្រទេសរុស្ស៊ី។

លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ទៀតថា បញ្ហានេះកំពុងទាមទារឱ្យពិភពលោកធ្វើសកម្មភាពកាន់តែខ្លាំងឡើង ដើម្បីគ្រប់គ្រងការនាំចេញសមាសធាតុនិងធនធានពិសេសទៅដល់ដៃរុស្ស៊ី។

ហើយលោកក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី ដើម្បីទប់ស្កាត់ប្រទេសនេះពីការផលិតយន្តហោះដ្រូនពិឃាតផងដែរ។

អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា កម្ទេចកម្ទីយន្តហោះដ្រូនរបស់រុស្ស៊ីដែលត្រូវបានស្ទាក់ចាប់ ឬបំផ្លាញបានធ្លាក់ក្នុងសង្កាត់ចំនួន៦ នៃរដ្ឋធានីគៀវ កាលពីពេលថ្មីៗនេះ បង្កឱ្យមានអគ្គិភ័យ និងបំផ្លិចបំផ្លាញបង្អួចនៅឯអគារលំនៅឋានជាច្រើនកន្លែង។

អ្នកសង្កេតការណ៍មួយចំនួននិយាយថា យោធារុស្ស៊ីប្រហែលជាកំពុងស្វែងរកការដាក់សម្ពាធលើអ៊ុយក្រែនឥតឈប់ឈរ ជាមួយនឹងការវាយប្រហារដោយយន្តហោះដ្រូន។

ជាការឆ្លើយតប អ៊ុយក្រែនកំពុងស្នើសុំឱ្យប្រទេសលោកខាងលិច បើកដៃឱ្យខ្លួនប្រើអាវុធរយៈចម្ងាយឆ្ងាយបាញ់ចូលកាន់តែជ្រៅ ដើម្បីឱ្យទីក្រុងគៀវអាចវាយប្រហារមូលដ្ឋានយោធានៅក្នុងទឹកដីរុស្ស៊ី និងទប់ស្កាត់ការវាយប្រហារដោយយន្តហោះដ្រូនរុស្ស៊ី៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner