Tesla ត្រៀមវាយលុកទីផ្សារកង់អគ្គិសនី ជាមួយតម្លៃថោកមិនគួរឱ្យជឿ
វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk មានបំណងផលិតកង់អគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Tesla ដែលគ្រោងនឹងចេញលក់ក្នុងតម្លៃទាបគួរឱ្យភ្ញាក់ផ្អើលត្រឹមតែ ៦៩៩ដុល្លារ។ នេះបើតាមការចុះផ្សាយដោយគេហទំព័រ autopower។
ជាធម្មតា កង់អគ្គិសនីផលិតឡើងមានតម្លៃខ្ពស់លើសពីរាប់ពាន់ដុល្លារ ប៉ុន្តែខុសប្លែកពីក្រុមហ៊ុនដទៃ Tesla កំពុងធ្វើបដិវត្តន៍ឧស្សាហកម្មកង់អគ្គិសនី តាមរយៈផ្តល់នូវការរួមបញ្ចូលគ្នា ទាំងតម្លៃសមរម្យ ការការពារបរិស្ថាន និងបច្ចេកវិទ្យាទំនើប។
កង់អគ្គិសនីរបស់ Tesla ត្រូវបានប្រភពទម្លាយឱ្យដឹងថា នឹងបំពាក់ដោយបច្ចេកវិទ្យា និងមុខងារទំនើបៗ រួមបញ្ចូលទាំងថាមពលប្រើប្រាស់បានយូរ, មុខងារសុវត្ថិភាពកម្រិតខ្ពស់ និងបច្ចេកវិទ្យាបើកបរខ្លួនឯងនាពេលអនាគត។
យុទ្ធសាស្ត្រកំណត់តម្លៃកង់អគ្គិសនីថោកបែបនេះ ឆ្លុះបញ្ចាំងពីបេសកកម្មដ៏យូរអង្វែងរបស់លោក Musk ក្រៅពីឡានអគ្គិសនីប្រណីត កង់អគ្គិសនីក៏ជាជម្រើសដ៏ពេញនិយម ជាពិសេសមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
តាមរយៈការវាយលុកចូលទីផ្សារកង់អគ្គិសនីនេះទៀតសោត ក្រុមហ៊ុន Tesla ក៏កំពុងកំណត់គោលដៅស្រូបទាញអ្នកធ្វើដំណើរក្នុងទីក្រុង និងអ្នកជិះដែលមានការយល់ដឹងអំពីបរិស្ថាន ហើយស្វែងរកមធ្យោបាយធ្វើដំណើរដ៏រីករាយ និងសន្សំសំចៃ។
វាក៏ស្របតាមចក្ខុវិស័យដ៏ទូលំទូលាយរបស់លោក Musk សម្រាប់ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ យ៉ាងណា មិនទាន់មានប្រភពបង្ហើបឱ្យដឹងថាតើពេលណា Tesla ចាប់ផ្តើមផលិត ឬចេញលក់កង់អគ្គិសនីរបស់ខ្លួននៅឡើយទេ៕
ប្រភព៖ Autopower ប្រែសម្រួល ៖ ឈឹម ទីណា