កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសំខាន់ៗមួយចំនួននៅក្នុងខែវិច្ឆិកានេះ
ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសំខាន់ៗ មួយចំនួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ រួមមាន៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI), មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) និងកិច្ចប្រជុំសំខាន់ៗ មួយចំនួនទៀត។
កិច្ចប្រជុំសំខាន់ៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានដូចជា៖
-កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI) នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ខេត្តសៀមរាប។
-មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តិទៅពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។ មហាសន្និបាតនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាគណបក្សនយោបាយនៅអាស៊ី អង្គទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិ។
-សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) នឹងប្រព្រឹត្តិទៅពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរដ្ឋសភានៃបណ្តាប្រទេសជាង៩០នៅលើពិភពលោក អង្គទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិផងដែរ៕
ដោយ៖ពលជ័យ