មន្ត្រីជំនាញខេត្តកំពត៖បុណ្យសមុទ្រលើកទី១១ជុំទី៣ មិនអនុញ្ញាតឱ្យអ្នកផ្តល់សេវាទេសចរណ៍ដំឡើងថ្លៃទេ

កំពត៖មន្ត្រីជំនាញបានបញ្ជាក់ថារដ្ឋបាលខេត្តកំពតបាន ត្រៀមលក្ខណៈយ៉ាងល្អសម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែលនឹងប្រារព្ធនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូខាងមុខ។ពិសេសមិនអនុញ្ញាតឱ្យ អ្នកផ្តល់សេវាទេសចរណ៍ដំឡើង ថ្លៃនោះទេ។ឆ្លើយតបនឹងវិធានការនេះ អនុប្រធានសភា ពាណិជ្ជកម្មកម្ពុជានិងអ្នកគ្រប់គ្រង សណ្ឋាគារនៅក្នុងខេត្ត យល់ឃើញថា ការធ្វើបែបនេះអាចលើកកម្ពស់វិស័យ ទេសចរណ៍ និងទាក់ទាញភ្ញៀវជាតិបានកាន់តែ
ច្រើន។

ជុំវិញការត្រៀមធ្វើជាម្ចាស់ផ្ទះ បុណ្យសមុទ្រលើកទី១១ ខណៈដែលខេត្តឆ្នេរសមុទ្រមួយនេះធ្លាប់ធ្វើជាម្ចាស់ផ្ទះបុណ្យ សមុទ្រចំនួន២ លើករួមមកហើយគឺឆ្នាំ២០១៥និង ឆ្នាំ២០១៩នោះ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ថាទន្ទឹមនឹងការខិតខំរៀបចំតុប តែងលម្អសោភណភាពក្រុង,រដ្ឋបាលខេត្តនិងមន្ទីរក៏បានយកចិត្តទុកដាក់លើការផ្តល់សេវាទេសចរណ៍ តាមរយៈ ការចេញសេចក្តីជូនដំណឹង និងការចុះទៅអប់រំ ណែនាំ ដល់ទីតាំងលើការងារបដិសណ្ឋារកិច្ច គុណភាពសេវាកម្ម និងការតម្លៃ។

ជាមួយនឹងការរៀបចំនេះ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជកម្មកម្ពុជា បានយល់ឃើញថា ទីផ្សារស្រុកខ្មែរ គេផ្តោតខ្លាំងលើរឿងតម្លៃ និងគុណភាព។ ដូច្នេះការកំណត់តម្លៃឱ្យសមរម្យ ជួយជំរុញវិស័យ ទេស ចណ៍ឱ្យកាន់តែប្រសើរ.
 
អ្នកគ្រប់គ្រងសណ្ឋាគារឌឺ សឃ្វែរ ឆេង ប៊ុនសាន បានអះអាងថាសណ្ឋាគាររបស់លោក មិនមានការ ដំឡើងថ្លៃទេក្នុងព្រឹត្តិការណ៍ បុណ្យសមុទ្រ។លោកបន្តថា បន្ទប់គ្រែ១ ,គ្រែ២ និងបន្ទប់គ្រួសារ មានតម្លៃចាប់ ពី៣០-៨០ដុល្លារ។ ចំណែកតម្លៃម្ហូបអាហារ ទាំងនៅ ភោជនីយដ្ឋាន និងលើស្កាយបា ក៏រក្សានៅដដែល។

ពិធីបុណ្យសមុទ្រលើកទី១១ជុំទី៣ នៅខេត្តកំពត នឹងប្រារព្ធនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ”។កម្មវិធីបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែធ្នូក្រោម អធិបតីភាពដ៏ ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុនម៉ាណែត។

បុណ្យសមុទ្រត្រូវបានរៀបចំឱ្យក្លាយជាបុណ្យបែបទេសចរណ៍ចាប់តាំងពីឆ្នាំ២០១១បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជាបានចូលជាសមាជិកនៃក្លឹបឆ្នេរសមុទ្រជាងគេបំផុតនៅលើពិភពលោក។បុណ្យសមុទ្រនេះដែរកំណត់រៀបចំធ្វើនៅបណ្តាខេត្តនៃតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះ ដែលមានខេត្តចំនួន៤ រួមមាន ខេត្តកោះកុង ព្រះសីហនុ កែប និងខេត្តកំពត ដោយឈរលើគោលការណ៍​ផ្លាស់វេនគ្នាជារៀងរាល់ឆ្នាំ ដោយចាប់ពីខេត្តព្រះសីហនុ ៕
ដោយ៖ សិលា សារិន
FB TT

ads banner