សម្តេចតេជោ ហ៊ុន សែន ៖មាន៣ចំណុច ដែលធ្វើឱ្យ ដូណាល់ ត្រាំ ទទួលបានសន្លឹកឆ្នោតពីប្រជាជន
ភ្នំពេញ៖ ជាមួយរូបថតមួយសន្លឹក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវវាយតម្លៃថា ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សម្គាល់របស់សម្ដេច មាន៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន”។
លើបណ្ដាញសង្គមផ្លូវការនាព្រលប់ថ្ងៃទី៦ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ” បើទោះបីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកមិនទាន់ប្រកាសផ្លូវការ ប៉ុន្តែលទ្ធផលបណ្តោះអាសន្នបានបង្ហាញលោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះលើគូប្រកួតរបស់ខ្លួន នឹងត្រៀមខ្លួនធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក !
ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សម្គាលើរបស់ខ្ញុំ មាន៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន”។
សម្ដេចតេជោ ហ៊ុន សែនបន្តថា ៖ទី១៖ សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនដើម្បីយកស្រ្តីធ្វើជាមេដឹកនាំរបស់ខ្លួន បើទោះបីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ ផ្នែកយេនឌ័រ ក៏ដោយ ដែលចំណុចនេះបង្ហាញថា អាមេរិកដើរក្រោយអាស៊ាន ដែលធ្លាប់មាននិងកំពុងមាន មេដឹកនាំជាស្រ្តី ដូចជានៅប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។
ទី២៖ ទំនងព្រះបានចារមកថា លោក ដូណាល់ ត្រាំ ត្រូវតែប្រកួតប្រជែងជាមួយស្រ្តី។ លើកទី១ ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ប្រកួតឈ្នះលោកស្រី ហីឡារី គ្លិនតុន។ នៅឆ្នាំ២០២៤នេះ លោកប្រកួតជាមួយស្ត្រីទៀតគឺ លោកស្រី ហារីស ហើយទទួលបានជោគជ័យទៀត។
ទី៣៖ មុនការបោះឆ្នោត លោក ដូណាល់ ត្រាំ បានផ្ញើសារជូនពលរដ្ឋអាមេរិក និងជុំវិញពិភពលោក អំពីការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម ដែលហៅថា «សន្តិភាពនិយម» ទើបសន្លឹករបស់លោក ត្រាំ ទទួលបានជោគជ័យ ដូច្នេះការឈ្នះរបស់លោក ត្រាំ បង្ហាញពីពលរដ្ឋអាមេរិកស្រឡាញ់សន្តិភាព ជាជាងការធ្វើសង្រ្គាមទាំងស្រុងអ៊ុយក្រែន និងអ៊ីស្រាអែល។
សូមជម្រាបថា ការបោះឆ្នោតនៅអាមេរិកបានប្រព្រឹត្តនៅថ្ងៃទី៥ ខែវិច្ឆិកា ។ជាការប្រកួតប្រជែងរវាងលោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងលោកស្រី កាម៉ាឡា ហារីស បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជា
ធិបតេយ្យ។ តាមរយៈលទ្ធផលមិនផ្លូវការបង្ហាញថា លោក ដូណាល់ ត្រាំ បានសំឡេងក្នុងអង្គបោះឆ្នោតនាំមុខលោកស្រី កាម៉ាឡា ហារីស៕
ដោយ៖វណ្ណលុក