INT . Toyota តេស្តតាក់ស៊ីហោះអគ្គិសនីដំបូងនៅជប៉ុន
តូក្យូ ៖ ក្រុមហ៊ុនជប៉ុន Toyota ចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិក Joby Aviation បង្កើតតាក់ស៊ីហោះអគ្គិសនីដឹកជញ្ជូនអ្នកដំណើរ ហើយថ្មីៗនេះបានធ្វើតេស្តហោះហើរវាលើកដំបូងដោយជោគជ័យ ក្នុងអំឡុងពិព័រណ៍អន្តរជាតិរបស់ Joby នៅប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន interesting engineering។
មូលហេតុដែល Toyota និង Joby សហការគ្នាបង្កើតតាក់ស៊ីហោះអគ្គិសនីនេះ គឺមានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូនក្នុងទីក្រុង និងតំបន់ជនបទកាន់តែប្រសើរ ទាំងនៅប្រទេសជប៉ុន និងទូទាំងពិភពលោក។
តាក់ស៊ីហោះអគ្គិសនីរបស់ Joby រចនាឡើងមានកៅអីអង្គុយចំនួន៥ ក្នុងនោះមានអ្នកបើកម្នាក់ និងអ្នកដំណើរ ៤នាក់ ក្នុងល្បឿនជាង ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមជាមួយការបំពាក់បច្ចេកវិទ្យាបំភាយឧស្ម័នសូន្យ និងគ្មានសំឡេងរំខានដូចឧទ្ធម្ភាគចក្រ។
ការធ្វើតេស្តនេះទៀតសោត កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Toyota បានប្តេជ្ញាចិត្តបោះទុនវិនិយោគបន្ថែមចំនួន ៥០០លានដុល្លារទៅក្នុងក្រុមហ៊ុន Joby ដើម្បីគាំទ្រដល់ការចេញវិញ្ញាបនប័ត្រ និងការផលិតតាក់ស៊ីហោះអគ្គិសនីរបស់ក្រុមហ៊ុន។ មូលនិធិបន្ថែមនេះ ធ្វើឱ្យការវិនិយោគសរុបរបស់ Toyota នៅក្នុង Joby កើនឡើងដល់ ៨៩៤លានដុល្លារ៕
ប្រភព៖ interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា