ចិនត្រៀមបញ្ចេញយន្តហោះចម្បាំងបំបាំងកាយថ្មីប្រជែងអាមេរិក

ប៉េកាំង ៖ កងទ័ពអាកាសចិនឆាប់ៗនេះនឹងដាក់បង្ហាញយន្តហោះចម្បាំងបំបាំងកាយថ្មីរបស់ខ្លួន គឺ J-35A ជាផ្លូវការ នៅឯពិធីតាំងបង្ហាញយន្តហោះដ៏ធំមួយ នៅសប្តាហ៍ក្រោយ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Zhuhai ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

ការបញ្ចេញយន្តហោះ J-35A របស់ចិន ត្រូវបានគេមើលឃើញថា ជាការត្រៀមខ្លួនប្រជែងនឹងយន្តហោះចម្បាំងបំបាំងកាយដទៃទៀត រួមទាំង F-22 និង F-35 របស់សហរដ្ឋអាមេរិក។

ការអភិវឌ្ឍន៍យន្តហោះរបស់ចិន គឺជាផ្នែកមួយនៃការដេញថ្លៃរបស់ទីក្រុងប៉េកាំង ដើម្បីផ្គូផ្គងសមត្ថភាពយន្តហោះចម្បាំងបំបាំងកាយរបស់សហរដ្ឋអាមេរិក ខណៈដែលចិនកំពុងជំរុញទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងពង្រីកឥទ្ធិពលកម្លាំងយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ី។

យន្តហោះ J-35A ត្រូវបានរចនាឡើងផ្តោតចម្បង សម្រាប់ប្រតិបត្តិការប្រយុទ្ធតាមអាកាស ហើយក៏អាចធ្វើការវាយលុកពីអាកាសទៅដីផងដែរ នេះបើយោងតាមរបាយការណ៍ពីបណ្តាញទំនាក់ទំនងយោធាចិន។

ប្រសិនបើយន្តហោះនេះ ត្រូវបានដាក់ឱ្យដំណើរការ នោះវានឹងធ្វើឱ្យចិនក្លាយជាប្រទេសទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិកដែលផលិតបានយន្តហោះចម្បាំងបំបាំងកាយពីរប្រភេទ នេះបើតាមការអះអាងរបស់អ្នកជំនាញ ដកស្រង់ចេញដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។

យន្តហោះចម្បាំងបំបាំងកាយ J-20 របស់ប្រទេសចិនដំបូង បានចូលបម្រើការងារក្នុងឆ្នាំ ២០១៧។ កងទ័ពរំដោះប្រជាជនចិន ហៅកាត់ (PLA) នៅចន្លោះខែកក្កដា ឆ្នាំ ២០២៣ និងខែមិថុនាឆ្នាំនេះ បានដាក់ពង្រាយយន្តហោះ J-20 ច្រើនជាង ៧០គ្រឿងបន្ថែមទៀត នាំឱ្យចំនួនសរុបកើនឡើងដល់ ១៩៥គ្រឿង។

យ៉ាងណា មិនមានប្រភពទម្លាយឱ្យដឹងថាតើពេលណាដែលយន្តហោះចម្បាំង J-35A ថ្មីរបស់ចិន នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងយោធា ឬក៏កន្លែងណាដែលយន្តហោះចម្បាំងបំបាំងកាយនេះនឹងត្រូវដាក់ពង្រាយនោះទេ៕

ប្រភព ៖ ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner