រដ្ឋបាលខេត្តកំពតមមាញឹកសម្អិតសម្អាងខ្លួន ធ្វើម្ចាស់​ផ្ទះបុណ្យសមុទ្រនៅខែធ្នូ

កំពត៖អាជ្ញាធរខេត្តកំពត មន្ត្រីជំនាញ និងក្រុមការងារ​កំពុង​មមាញឹកតុបតែងលម្អក្រុងកំពត នៅតាមផ្លូវ​មាត់​ព្រែក ស្ពាន និងសួនច្បារសាធារណៈជាដើមដែលជា​ការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

លោក កន ប៊ុនថាន នាយករងទីចាត់ការអន្តរវិស័យ​សាលាខេត្តកំពតទទួលបន្ទុករៀបចំការងារពិដានភ្លើងនិងសោភណ ភាពនៅក្នុងក្រុងកំពតនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រោមកិច្ចចង្អុលណែ​នាំនិង​ពិនិត្យដោយផ្ទាល់ជារៀងរាល់ ថ្ងៃពីឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ក្រុមការងារបានយកចិត្តទុកដាក់​​ពន្លឿនការងារយ៉ាងយកចិត្តទុកដាក់។

ចំណែកលោក សយ ស៊ីណុល ប្រធានមន្ទីរទេស​ចរណ៍​ខេត្តកំពតបាននិយាយថា ក្រោមការដឹកនាំ​របស់ឯកឧត្តម​អភិបាលខេត្ត សម្រាប់ពិធីបុណ្យ​សមុទ្រលើកទី១១ បាន​ត្រៀមរៀបចំបានយ៉ាងល្អ។មកដល់ថ្ងៃនេះឃើញ​ការរៀបចំបានច្រើន។

ខេត្តកំពតធ្លាប់បានធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រចំនួន២លើករួចមកហើយគឺនៅឆ្នាំ២០១៥និងឆ្នាំ២០១៩។ចំណែក​បុណ្យសមុទ្រលើកទី១១ ជុំទី៣លើកនេះ ប្រព្រឹត្តទៅ​ក្រោម​​​ប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃ​តំបន់ឆ្នេរ”ដោយមានគោល បំណងសំខាន់ៗចំនួន៣ គឺ ទី១.ការផ្សព្វផ្សាយអំពីសក្តានុពលទេសរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជានិងការផ្សព្វផ្សាយតំបន់ឆ្នេរ សមុទ្រតំបន់​អេកូ​ទេសចរណ៍មាន កោះ ភ្នំ , ទី២.ការជួយជំរុញ​យកចិត្ត​ទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរប្រកបដោយចីរភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល,និងទី៣.ការពង្រឹងលើកកម្ពស់គុណភាពសេវាកម្មនានា នៅក្នុងវិស័យឧស្សាហ​កម្មទេសចរណ៍នៅទូទាំងប្រទេស ពិសេសខេត្តកំពត៕
ដោយ៖ សិលា សារិន

ads banner