មីយ៉ាន់ម៉ា អរគុណកម្ពុជា ដែលចែករំលែកបទពិសោធន៍ និងទស្សនទានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
(ចិន)៖ មីយ៉ាន់ម៉ា អរគុណកម្ពុជា ដែលចែករំលែកបទពិសោធន៍ និងទស្សនទាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធា រណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបពិភាក្សាងារងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានជម្រាបជូនសម្ដេចបវរធិបតី អំពីស្ថានការណ៍នយោបាយទូទៅ និងការត្រៀមរៀបចំការបោះឆ្នោតសកល នាពេលខាងមុខរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងបានអរគុណកម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងទស្សនទានមួយចំនួនក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងសង្ឃឹមថា វិបត្តិនៅមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយដោយសន្តិវិធី ក្នុងអនាគតដ៏ខ្លីខាងមុខ។
សម្តេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5-Point Conensus) របស់អាស៊ាន ។
សម្ដេចបវរធិបតី និងឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម និង ការតភ្ជាប់ប្រជាជននិងប្រជាជន៕
ដោយ ៖ វណ្ណលុក