យុវជនជំនាញបច្ចេកទេសចំនួន ៧រូប ត្រូវបានជ្រើសរើសជាតំណាងកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ នៅប្រទេសហ្វីលីពីន ឆ្នាំ២០២៥

(ភ្នំពេញ)៖ យុវជនដែលសិក្សាជំនាញបច្ចេកទេសចំនួន ៧រូបត្រូវបានជ្រើសរើសជា តំណាងបេក្ខជនកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ នៅប្រ​ទេសហ្វីលីពីន ឆ្នាំ២០២៥។ ការជ្រើសរើសនេះបន្ទាប់ពីពួកគេឈ្នះមេដាយមាស​ពីកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្ត​ទៅកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ដោយមានបេក្ខជន​សរុបចំនួន ៩៣រូប មកពីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស១៦ ធ្វើការប្រឡងប្រ​ជែង​លើជំនាញបច្ចេកទេសយ៉ាងស្វិតស្វាញ។

យុវតី ណាន សុខហេង ជាបេក្ខជនជ័យលាភីទទួលបានមេដាយមាសក្នុងកម្មវិធី​ប្រកួត​ប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ជំនាញ Information Network Cabling មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI លើក​ឡើងថា ខ្លួនមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានទទួលបានមេដាយ​មាស​ក្នុង​កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ជាមួយបណ្តាបេក្ខជនជិត ១០០នាក់ មកពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសជាច្រើន ដែលសុទ្ធសឹងតែជា​បេក្ខជនដែលមានសមត្ថភាពខ្ពស់លើជំនាញបច្ចេកទេសនៅកម្ពុជា។

យុវតីរូបនេះបន្តថា បន្ទាប់ពីទទួលបានបានទទួលបានមេដាយមាស​ក្នុងកម្មវិធីប្រឡង​ថ្នាក់​ជាតិឆ្នាំ២០២៤ យុវតីនឹងត្រូវទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន​លើកទី១៤ ឆ្នាំ២០២៥នៅប្រទេសហ្វីលីពីន។ យុវតីមានសេចក្តីរំភើបដែលត្រូវបានជ្រើសរើសជាបេក្ខជនតំណាងប្រទេសជាតិ និងសាលារបស់ខ្លួនលើការចូលរួមកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិ ហើយខ្លួន​សង្ឃឹមយ៉ាងមុតមាំថានឹងខិតខំរៀនបន្ត និងសិក្សាស្រាវបន្ថែមទៀតដើម្បី​ទទួលបានលទ្ធផលគាប់ប្រសើរជូនជាតិ និងសាលារបស់ខ្លួន។

ដោយឡែក យុវជន អុល សុភារម្យ ជាបេក្ខជនទទួលបានមេដាយមាសមួយរូបទៀត​ក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញ​ម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស NTTI លើកឡើងថា ការដែលត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួត​ប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីនជាក្តីបំណងដ៏ធំ​មួយ​របស់ខ្លួន ហើយសមិទ្ធផលផ្លែផ្កានៅពេលនេះជាមោទកភាពដ៏ធំមួយ​សម្រាប់​ខ្លួនលើផ្លូវនៃការសិក្សាជំនាញវិជ្ជាជីវៈរយៈពេលប៉ុន្មានឆ្នាំមកនេះ។

យុវជនរូបនេះបន្ថែមថា ការនាំមកនូវមេដាយមាសពីប្រកួតប្រជែងជំនាញ​អាស៊ាន​លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីនគឺជាគោលបំណងដ៏ធំថ្មីមួយទៀត​សម្រាប់រូបគេ ដោយខ្លួនសង្ឃឹមយ៉ាងមុតមាំថានឹងអាចពាំនាំកិត្តិយស​ជូនប្រទេស​កម្ពុជា ក៏ដូចជាសាលាបណ្តុះបណ្តាលរបស់ពួកគេ ដើម្បីបង្ហាញថាកម្ពុជាក៏មាន​យុវជនមានសមត្ថភាពខ្ពស់លើជំនាញបច្ចេកទេសមួយក្នុងចំណោមបណ្តាប្រទេសធំៗនៅក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ដែរថា ការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៣ កាលពីឆ្នាំ២០២៣ ត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី លើជំនាញសរុបចំនួន ២២ជំនាញ។ ដោយ​ឡែក ការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ ដែលនឹងធ្វើនៅ​ប្រទេស​ហ្វីលីពីនខាងមុខនេះមានជំនាញសរុបចំនួន ៣២ជំនាញ ដែលក្នុងនោះ​ក៏មាន​បេក្ខជនតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner