អភិបាលស្រុកកូឆាង នៃប្រទេសកូរ៉េខាងត្បូង កោតសរសើរពលករកម្ពុជាថា មានអត្ត​ចរិក​ល្អប្រឹងប្រែងធ្វើការការ ដែលធ្វើឱ្យថៅកែពេញចិត្ត

លោក ស៊ីម ដុកសប់ បានថ្លែងការកោតសរសើរដល់ពលករកម្ពុជា​ដែលកំពុងបំពេញ​ការ​ងារ​នៅក្នុងស្រុកកូឆាង ថាមានអត្តចរិតល្អ ប្រឹងប្រែងធ្វើការងារ ដែលធ្វើឱ្យថៅកែ​ពេញ​ចិត្តជាខ្លាំង។ ទន្ទឹមនេះ លោកសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបញ្ជូនពលករកម្ពុជា​មាន​អត្តចរិតល្អដូចនេះ។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ស៊ីម ដុកសប់ (Shim Deok-seop) អភិបាលស្រុកកូឆាង (Gochang County) ចូលជួបសម្តែងការ​គួរ​សម និងពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រ​សួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ ផ្តោតសំខាន់ទៅលើកិច្ចសហ​ប្រតិ​បត្តិ​ការ​ទទួល និងបញ្ជូនពលករកម្ពុជាទៅធ្វើការងារតាមកម្មវិធីពលកររដូវកាល នៅ​ក្នុងស្រុកកូឆាង ខេត្តឆល់ឡាប៊ូកឌូ (Joelabuk-do) នៃសាធារណរដ្ឋកូរ៉េ។

លោក ស៊ីម ដុកសប់ បានគូសបញ្ជាក់ថា រដ្ឋបាលស្រុកកូឆាងបានបង្កើត​អន្តេវាសិក​ដ្ឋាន​​​សម្រាប់ពលករកម្ពុជាស្នាក់នៅ ដែលនេះជាគំរូថ្មីមួយក្នុងការយកចិត្តទុកដាក់​ដល់​ពលករ​កម្ពុជាដែលមកធ្វើការនៅក្នុងតំបន់នេះ។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋបាលស្រុកកូឆាង ដែលបានទទួលយកពលកររដូវកាលកម្ពុជាទៅធ្វើការចាប់តាំងពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៤នេះ ហើយក៏នឹងបន្តទទួលយកពលកររដូវកាលកម្ពុជា​សម្រាប់ឆ្នាំ២០២៥ ផងដែរ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏អរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែង​យក​ចិត្តទុកដាក់គាំពារពលករកម្ពុជា ដែលកំពុងធ្វើការនៅទីនោះ។ ឯកឧត្តម ហេង សួរ សង្ឃឹមថារដ្ឋបាលស្រុកកូឆាង នឹងបង្កើនកូតាទទួលពលករកម្ពុជា ឱ្យបានច្រើន​បន្ថែមទៀតទៅធ្វើការនៅទីនោះ ជាពិសេសពលករជំនាញរបស់កម្ពុជា។

សូមបញ្ជាក់ថា ស្រុកកូឆាងនៃខេត្តឆល់ឡាប៊ូកដូ មានតំបន់ជាប់ឆ្នេរសមុទ្រ ដែលមានសេដ្ឋកិច្ចផ្តោតសំខាន់លើវិស័យធំៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍ ជាពិសេសផ្នែកកសិកម្ម ដែលមានសក្តានុពលលើការដាំដុះ​នៅក្នុងផ្ទះកញ្ចក់ (Greenhouse) ដែលមានដំណាំសំខាន់ៗដូចជា ផ្លែបឺរី ម្ទេស សណ្តែកដី និងស្លឹកតែជាដើម និងមានតម្រូវការពលកម្មជាច្រើននាក់ដើម្បីធ្វើការ​នៅតាមកសិដ្ឋាននានា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner