កីឡាជាតិលើកទី៤ កីឡាករ កីឡាការិនី តាមបណ្តារាជធានីខេត្ត ដែលមាន សិទ្ធិផលល្អ នឹងត្រូវកោះមកធ្វើតេសដើម្បីក្លាយជាជម្រើសជាតិ
(ភ្នំពេញ)៖ លោក គង់ សុភាព គណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ លើប្រភេទកីឡាកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” បានគូសបញ្ជាក់ឱ្យដឹងថា សម្រាប់ប្រភេទកីឡាទូកប្រពៃណីខ្នាត់អន្តរជាតិ ដែលធ្វើការប្រណាំងនៅទន្លេវ៉ៃគោល ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានដំណើរប្រណាំងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៤។
មន្រ្តីគណៈកម្មាការរូបនេះ បានបញ្ជាក់ទៀតថា ប្រណាំងប្រកួតប្រជែងរយៈពេល ៣ថ្ងៃនេះ មានខេត្ត និងស្ថាប័នក្រសួងចូលរួមចំនួន៨មានដូចជា៖ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តកោះកុង ខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តស្វាយរៀងម្ចាស់ផ្ទះ។សម្រាប់វិញ្ញសាប្រណាំងមាន២វិញ្ញាសា គឺ បុរសចំណុះ១២នាក់ អុំប្រណាំងចម្ងាយ៨០០ម៉ែត្រ និងវិញ្ញាសាប្រណាំងចម្រុះបុរសនារីអុំចម្ងាយ២០០ម៉ែត្រ ក្នុងនោះទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ “បុរសមាន៨ក្រុម និងទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ “ចម្រុះបុរសនិងនារីមាន៦ក្រុម។
មន្រ្តីគណៈកម្មាការខាងលើ អះអាងថា ការប្រណាំងនៅថ្ងៃទី៦នេះ គឺជាការប្រណាំងវគ្គជម្រុះទាំងពីរវិញ្ញាសា មាន២០០ម៉ែត្រចម្រុះបុរសនារី និង៨០០ម៉ែត្របុរស ដើម្បីចម្រាញ់យកឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រនៅថ្ងៃទី៧ ក្នុងនោះ សម្រាប់វិញ្ញសា២០០ម៉ែត្រចម្រុះបុរសនារីដែលមាន ៦ក្រុមចម្រាញ់យក ៤ក្រុមឡើង ខណៈវិញ្ញាសា ៨០០ម៉ែត្របុរសមាន៨ក្រុមចំរាញ់យក ៤ក្រុមឡើង ។
គណៈកម្មាការរូបនេះ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា សម្រាប់កីឡាករកីឡាការិនីដែលមកចូលរួមការប្រណាំង ប្រសិនបើពួកគេត្រូវបានគណៈកម្មការមើលឃើញថា មានសក្កានុពល និងមានទេពកោសល្យខ្ពស់នោះ គណៈកម្មការបច្ចេកទេសសហព័ន្ធនិងវាយតម្លៃដើម្បីនាំយកពួកគាត់មកធ្វើតេសចូលរួមជាជម្រើសជាតិហ្វឹកហាត់បំប៉នជាមួយសហព័ន្ធត្រៀមចូលរួមកីឡាស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៥ និងការប្រកួតអន្តរជាតិនានា។
លោកស្រី ប្រាក់ សោភា ថ្នាក់ដឹកនាំមកពីខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងដែរថា ការចូលរួមកីឡាជាតិលើកទី៤នេះ ខេត្តកណ្តាលរបស់លោកស្រី បានចូលរួម២វិញ្ញាសា ២០០ម៉ែត្រចម្រុះបុរសនារី និង៨០០ម៉ែត្របុរស ។ សម្រាប់ថ្ងៃទី៦នេះ ទូករបស់លោកស្រីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តប្រណាំងនៅថ្ងៃទី៧ ដើម្បីប្រជែងដណ្តើមយកមេដាយ ។ លោក សង្ឈឹមថា នៅថ្ងៃស្អែកនេះ ក្រុមទូករបស់លោកស្រីនិងធ្វើបានល្អនាំយកមេដាយជូនខេត្ត ។
ជាមួយគ្នានោះ លោកស្រីក្នុងនាមជាថ្នាក់ដឹកនាំទូកខេត្តកណ្តាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលដែលបានយកចិត្តទុកដាក់ឧត្ថម្ភជាវិកាដល់ក្រុមកីឡាករនិងកីឡាការិនីខេត្តកណ្តាល។
សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាប្រណាំង២០០ម៉ែត្រចម្រុះបុរសនារី ទូកដែលបានឡើងទៅវគ្គកណ្តាលផ្តាច់ព្រ័ត្រមាន ក្រសួងមហាផ្ទៃ ខេត្តកណ្តាល ក្រសួងការពារជាតិ និងឧត្តរមានជ័យ។រីឯវិញ្ញាសា៨០០ម៉ែត្របុរស មានដូចជាខេត្តព្រៃវែង ក្រសួងការពារជាតិ ស្វាយរៀង និងខេត្តកោះកុង៕
ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ