ព្យុះសង្ឃរា Rafael បង្ខំមនុស្សជាង ៧ម៉ឺននាក់ចាកចោលផ្ទះនៅគុយបា

ឡាហាវ៉ាន ៖ មនុស្សច្រើនជាង ៧០,០០០នាក់ បង្ខំចិត្តចាកចោលផ្ទះសម្បែងឆ្ពោះទៅកាន់ទីសុវត្ថិភាព ខណៈដែលគុយបាកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះសង្ឃរាថ្មីមួយទៀត មានឈ្មោះថា Rafael ដែលត្រូវបានគេរំពឹងថា នឹងបោកបក់មកដល់ឆាប់ៗនេះ។

គិតត្រឹមព្រឹកថ្ងៃពុធ ព្យុះសង្ឃរា Rafael កំពុងស្ថិតនៅចម្ងាយប្រហែល ២៦០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីឡាហាវ៉ាន ជាមួយនឹងល្បឿនប្រហែល ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យវាក្លាយជាព្យុះសង្ឃរាប្រភេទទី២ ក្នុងចំណោម ប្រភេទ៥ នៅលើមាត្រដ្ឋាន Saffir-Simpson។ ប្រភេទទី៥ ខ្លាំងបំផុត។

ប៉ុន្តែបើតាមការអះអាងរបស់មជ្ឈមណ្ឌល ព្យុះសង្ឃរា Rafael អាចនឹងបង្កើនឥទ្ធិពលវិវត្តន៍ខ្លួនក្លាយជាព្យុះសង្ឃរាដ៏ធំ មុនពេលវាបោកបក់មកដល់ប្រទេសគុយបា នៅថ្ងៃនេះ។

ចំណែកឯវិទ្យាស្ថានឧតុនិយម (Insmet) របស់គុយបា ក៏បាននិយាយដែរថា ខ្លួនរំពឹងថា ព្យុះសង្ឃរា Rafael នឹងវិវត្តខ្លួនទៅជាប្រភេទទី៣ នៅពេលដែលវាទៅដល់ភាគខាងលិចនៃកោះនៅចន្លោះខេត្ត Pinar del Rio និង Artemisa។

ជាការឆ្លើយតប ខេត្តចំនួន៩ នៅភាគខាងលិច និងភាគកណ្តាលប្រទេសគុយបា រួមទាំងរដ្ឋធានីឡាហាវ៉ាន ត្រូវបានប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner