Apple ជះលុយ ១.៥ ពាន់លានដុល្លារអភិវឌ្ឍផ្កាយរណប ពង្រីកសេវាកម្មទំនាក់ទំនង iPhone
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Apple នឹងបោះទុនវិនិយោគរហូតដល់ ១.៥ ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុនផ្តល់សេវាផ្កាយរណប Globalstar ក្នុងគោលបំណងពង្រីកសេវាកម្មទំនាក់ទំនងរបស់ទូរស័ព្ទដៃ iPhone របស់ខ្លួន។ នេះបើយោងតាមឯកសារបទបញ្ញត្តិមួយ ដកស្រង់ចុះផ្សាយដោយសារព័ត៌មាន CGTN។
ស្ថិតក្រោមកិច្ចព្រមព្រៀងផ្តល់មូលនិធិនេះ Apple នឹងផ្តល់ជាសាច់ប្រាក់សុទ្ធចំនួន ១.១ ពាន់លានដុល្លារ ព្រមទាំងទិញភាគហ៊ុន ២០ភាគរយ នៅក្នុងក្រុមហ៊ុន Globalstar ក្នុងតម្លៃ ៤០០លានដុល្លារផងដែរ។
ក្រុមហ៊ុន Globalstar បានគូសបញ្ជាក់ថា ខ្លួននឹងប្រើប្រាស់ផ្នែកខ្លះនៃមូលនិធិពីការវិនិយោគរបស់ Apple ដើម្បីយកទៅទូទាត់បំណុលដែលមានស្រាប់របស់ខ្លួន។
កិច្ចសហការរវាង Apple និង Globalstar កើតឡើងចាប់តាំងពីឆ្នាំ២០២២មកម្លេះ ដើម្បីណែនាំមុខងារមួយដែលអាចឱ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ផ្ញើសារបន្ទាន់ពីតំបន់ដាច់ស្រយាល។
ការចាក់បញ្ចូលទុនវិនិយោគចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុនទាំងពីរកំពុងតែបង្កើនសមត្ថភាពសេវាកម្មទំនាក់ទំនងរបស់ខ្លួនកាន់តែអស្ចារ្យជាងមុន។
បច្ចុប្បន្នម្ចាស់ទូរស័ព្ទ iPhone ម៉ូដែលចុងក្រោយបង្អស់ ដូចជា iPhone 14, iPhone 15 និង iPhone 16 អាចប្រើប្រាស់ផ្កាយរណបរបស់ Globalstar សម្រាប់សេវាសង្គ្រោះបន្ទាន់ តាមរយៈមុខងារ Emergency SOS ដែល Apple ផ្តល់ជូនដោយមិនគិតថ្លៃបន្ថែម។
ថ្មីៗនេះ Apple បានពង្រីកមុខងារនេះ ដើម្បីបញ្ចូលសារជាអក្សរ ដោយផ្តល់ជម្រើសទំនាក់ទំនងកាន់តែរឹងមាំសម្រាប់អ្នកប្រើ iPhone៕
ប្រភព៖ CGTN ប្រែសម្រួល ៖ ឈឹម ទីណា