អតីតយុទ្ធជនកំពង់ធំ៦៥គ្រួសារ បានទទួលដីសម្ប​ទាន​សង្គមកិច្ច និងផ្ទះថ្មីអំណោយសម្ដេចធិបតីនាយករដ្ឋមន្រ្តី

កំពង់ធំ​៖អតីតយុទ្ធជនចំនួន ៦៥ គ្រួសារដែលពុំមានដី និង​ផ្ទះ រស់នៅឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ បានទទួលដីសម្បទាន សង្គមកិច្ច និងផ្ទះថ្មី ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

អតីតយុទ្ធជនទាំង៦៥ គ្រួសារដែលទទួលបានដី និងគេហដ្ឋាន​ថ្មីសម្រាប់រស់នៅ និងធ្វើកសិកម្មចិញ្ចឹមគ្រួសារ បានធ្វើឡើងតាម
រយៈការចាប់ឆ្នោតដែលអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម នួន ផារ័ត្រ អភិបាលខេត្តកំពង់ធំនិងប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

បើតាមសេចក្តីរាយការណ៍របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងនិងប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលទទួលគ្រប់គ្រងអតីតយុទ្ធ​ជន​ខេត្ត ការរៀបចំដីសម្បទានសង្គមកិច្ចនិងសង់​ផ្ទះ​ជូនអតីត យុទ្ធជននោះបានបញ្ជាក់ថា មកដល់ពេលនេះអតីតយុទ្ធជន​បានទទួលផ្ទះស្នាក់នៅចំនួន ៣៨៧ ខ្នងផ្ទះដែលជាអំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ។

ជាមួយនឹងការអបអរសាទរដល់អតីតយុទ្ធជនទាំង៦៥គ្រួសារ ដែលទទួលបានដីនិងផ្ទះរស់នៅបានសមរម្យ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះ​សម្ដេច​តេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែល​បាន​យកចិត្ត ទុកដាក់សុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន។ឯកឧត្តមក៏បានសរសើរឧត្តមសេនីយ៍ទោ សោម ស៊ុន​ដែលបានប្រឹងប្រែង បម្រើដល់គ្រួសារអតីតយុទ្ធជន​នៅខេត្ត​កំពង់ធំ និងការពារទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។ឯកឧត្តមបានផ្ដាំផ្ញើដល់ អតីតយុទ្ធជនដែលទទួលបានដី និងផ្ទះសូមខិតខំដាំដុះនិងចិញ្ចឹមសត្វ ដើម្បីបង្កើនចំណូល​ដល់ជីវភាពគ្រួសារ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner