ឡានដំបូងគេផលិតក្នុងសម័យសូវៀតតាំងពី ៧៣ឆ្នាំមុន បង្អួតរាងនៅប៉ូឡូញ

វ៉ាសូវី ៖ ឡានដំបូងគេផលិតនៅប៉ូឡូញនៅសេសសល់ពីសម័យសូវៀត ក្រោយសង្គ្រាមលោកលើកទី២ ត្រូវបានគេដាក់តាំងបង្ហាញបង្អួតរាងនៅជិតរដ្ឋធានីវ៉ាសូវី បន្ទាប់ពីប៉ូឡូញចាយពេលស្វែងរករាប់ទសវត្សរ៍ និងការចរចាយកត្រឡប់មកប្រទេសកំណើតវិញជាច្រើនឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។

ឡានម៉ូដែល Warszawa M-20 ស៊េរីឆ្នាំ ១៩៥១ មានលេខកូដ 000001 ផលិតនៅរោងចក្រ FSO Passenger Car Factory ក្នុងរដ្ឋធានីវ៉ាសូវី នៅថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំនោះ ពោលគឺកាលពី ៧៣ឆ្នាំមុន។

រោងចក្រ FSO ដែលត្រូវបានសាងសង់ឡើងដំបូងនៅចុងទសវត្សរ៍ឆ្នាំ ១៩៤០នេះ បានឈប់ដំណើរការហើយ ហើយឥឡូវនេះបានស្វែងរកគំរូដើមក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយសង្ឃឹមថា នឹងប្រើប្រាស់ឡានបុរាណដែលខ្លួនផលិតដើម្បីប្រារព្ធខួប។

សហស្ថាបនិកនៃសារមន្ទីរឯកជនមួយនៅភូមិ Otrebusy លោក Zbigniew Mikiciuk និយាយថា យើងមានមោទនភាពខ្លាំងណាស់ ព្រោះពេលនេះយើងស្ថិតក្នុងចំណោមមនុស្សតិចតួចបំផុតនៅលើពិភពលោក ដែលនៅសេសសល់យានជំនិះស៊េរីដំបូងបង្អស់ផលិតនៅក្នុងប្រទេស។

លោក Mikiciuk បន្ថែមថា យើងបានបង្កើតសារមន្ទីរអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ហើយយើងមិនប្រមូលឡានដែលរកឃើញនៅតាមចិញ្ចើមផ្លូវទេ ប៉ុន្តែជាឡានដែលមានប្រវត្តិច្បាស់លាស់ ដួងព្រលឹង និងរឿងព្រេងពិតៗរបស់ពួកវា។

ឡាន Warszawa M-20 ឥឡូវនេះបានចូលរួមជាមួយយានជំនិះប្រវត្តិសាស្ត្រជាច្រើនគ្រឿងផ្សេងទៀតរបស់សារមន្ទីរ រួមទាំងឡាន Oakland ផលិតនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩២៨ ដែលនាំយកទៅប្រទេសប៉ូឡូញមុនសម័យសង្រ្គាម ដោយក្រុមគ្រួសាររបស់វេជ្ជបណ្ឌិត និងឡាន Buick ឆ្នាំ ១៩៥៣ ដែលជាកម្មសិទ្ធិរបស់នាយករដ្ឋមន្ត្រីប៉ូឡូញសម័យកុម្មុយនិស្ត លោក Jozef Cyrankiewicz៕

ប្រភព៖ AP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner