ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីទីម័រឡេស្ត មានបំណងចង់គោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅទីក្រុងឌីលីម្តងទៀត ដើម្បីជាការដឹងគុណ
ភ្នំពេញ៖ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីទីម័រឡេស្ត មានបំណងចង់គោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅទីក្រុងឌីលីម្តងទៀត ដើម្បីជាការដឹងគុណចំពោះសម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងរក្សាសន្តិភាពនៅក្នុង តំបន់ក៏ដូចជាជួយប្រទេសទីម័រឡេស្ត មកន្លងមក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ីមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តប្រចាំកម្ពុជានៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៅព្រឹទ្ធសភា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិងរីករាយដែលបានជួបឯកឧត្តម ឯកអគ្គរដ្ឋទូត និងបានអបអរសាទរនិងកោតសរសើរចំពោះភាពសកម្មរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងនាមជាព្រឹទ្ធបុរសនៃអង្គទូតនៅកម្ពុជា។ ឯកឧត្តម អនុប្រធានទី១ មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជានិងទីម័រឡេស្តបានបន្តរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសតាមរយៈការ ផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តួយ៉ាងដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិ សាស្ត្ររបស់ សម្តេចតេជោ កាលពីឆ្នាំ២០១៦ ក៏ដូចជាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនិង នាយករដ្ឋមន្ត្រីទីម័រឡេស្តមកកម្ពុជាកន្លងទៅជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម បានបន្តថា កម្ពុជាតែង តែគាំទ្រដល់ការពន្លឿនដំណើរការរបស់ទីម័រឡេស្តក្នុងការចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
ឯកឧត្តម ក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០២៣កន្លងទៅ ដែលនេះជាសក្ខីភាពនៃលិទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបានបង្ហាញ ទៅកាន់ពិភពលោក តាមរយៈការចូលរួមពីអ្នកអង្កេតការអន្តរជាតិជាង៣០០នាក់ ក៏ដូចជាការផ្ទេរ អំណាចយ៉ាងរលូនទៅថ្នាក់ដឹកនាំជំនាន់ក្រោយ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរនូវសមិទ្ធ ផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២កន្លង ទៅ ជាពិសេសគឺការជួយជ្រោមជ្រែងរបស់កម្ពុជា ក៏ដូចជាការជួយសម្របសម្រួលជាមួយប្រទេសជា សមាជិក៩ផ្សេងទៀតនៅក្នុងអាស៊ាន ដើម្បីអាចទទួលយកទីម័រឡេស្តជាសមាជិក បន្ទាប់ពីបានដាក់ សំណើរអស់រយៈពេល១១ឆ្នាំមកហើយ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីការរួមចំណែក និងស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយស្វែងរកសន្តិភាពជូនមីយ៉ាន់ម៉ាផង ដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថាប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីទីម័រឡេស្ត មាន បំណងចង់គោរពអញ្ជើញ សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីក្រុងឌីលីម្តងទៀត ដើម្បីជាការដឹងគុណចំពោះ សម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងរក្សាសន្តិភាពនៅក្នុង តំបន់ក៏ដូចជាជួយប្រទេសរបស់ឯកឧត្តមកន្លងមក។
ជាកិច្ចឆ្លើយតប ឯកឧត្តម អនុប្រធានទី១ បានអរគុណចំពោះពាក្យពេចន៍កោតសរសើរចំពោះ កម្ពុជានិងជាពិសេសចំពោះ សម្តេច ផ្ទាល់ អំពីគុណតម្លៃនៃសន្តិភាពនិងការផ្សះផ្សារ ដែលជាសមិទ្ធ ផលដ៏ធំធេងរបស់សម្តេចប្រធាន។ ឯកឧត្តម បានបន្តថាកម្ពុជាត្រូវបានគេស្គាល់លើរឿង២យ៉ាង៖ (១) បេតិកភណ្ឌវប្បធម៌ ដែលបុព្វបុរសខ្មែរពីជំនាន់មុនបានបន្សល់ទុក, និង (២) ការសម្រេចបាននូវ សុខសន្តិភាពពេញលេញ ជាមួយនឹងស្ថេរភាពនយោបាយដែលបានជម្រុញនូវការវិនិយោគនិងកំណើន សេដ្ឋកិច្ចជាលំដាប់ ស្របទៅនឹងគោលដៅដែលកម្ពុជាបានដាក់ចេញដើម្បីក្លាយជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។ ពាក់ព័ន្ធនឹង សន្តិភាព ឯកឧត្តម បានលើកឡើងពីវិបត្តិសង្គ្រាមអ៊ុយក្រែននិងនៅតំបន់ផ្សេងទៀត ក៏ដូចជានៅក្នុង តំបន់អាស៊ីអាគ្នេយ៍យើងគឺនៅប្រទេសមីយ៉ាន់ម៉ា ដែលជាក់ស្តែងកម្ពុជាបានព្យាយាមនិងបន្តជួយមី យ៉ាន់ម៉ាឱ្យត្រលប់ទៅរកប្រក្រតីភាពឡើងវិញ។ ឯកឧត្តមបានបន្តថា កម្ពុជាគាំទ្រសំណើររបស់ទីម័រឡេស្ត ក្នុងការចូលជាសមាជិករបស់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងបានលើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងកិច្ចព្រម ព្រៀងមួយចំនួនរវាងប្រទេសទាំងពីរផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា