ហ្វីលីពីនបំបែកកំណត់ត្រាពិភពលោក សង់សណ្ឋាគាររាងមាន់គោកធំបំផុតក្នុងពិភពលោក
ម៉ានីល ៖ សណ្ឋាគារមួយក្នុងប្រទេសហ្វីលីពីន បានបំបែកកំណត់ត្រាពិភពលោក Guinness World record ក្នុងនាមជាអគាររាងមាន់គោកធំបំផុតក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Star។
សណ្ឋាគារចម្លែកនេះ គឺជាការបន្ថែមរសអារម្មណ៍ថ្មីមួយទៀតនៅក្នុងរមណីយដ្ឋាន Campuestohan Highland ជាកន្លែងទាក់ទាញភ្ញៀវទេសចរក្នុងតំបន់នៅភាគកណ្តាលនៃខេត្ត Negros Occidental។
មានទីតាំងនៅទីក្រុង Talisay រមណីយដ្ឋាននេះបានបើកដំណើរការតាំងពីឆ្នាំ ២០១២ ក្នុងនោះមានអាងហែលទឹក កន្លែងលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅផ្សេងទៀត រួមទាំងខ្ទម bonita និងកាប៊ីនឈើ។
ចំណែកឯសណ្ឋាគាររាងមាន់គោកខ្នាតយក្សនេះ មានទទឹង ១២ម៉ែត្រ បណ្តោយ ២៨ម៉ែត្រ និងកំពស់ ៣៥ម៉ែត្រ។
កម្ពស់នេះ គឺប្រហែលនឹងអាផាតមិនកម្ពស់ ១៣ជាន់ នៅក្នុងប្លុក Housing Board ដែលជាន់នីមួយៗមានកម្ពស់ប្រហែល ២.៦ម៉ែត្រ។
សណ្ឋាគារដ៏អស្ចារ្យនេះ គឺជាគំនិតច្នៃប្រឌិតរបស់អ្នកជំនួញក្នុងស្រុកហ្វីលីពីន លោក Ricardo Tan ហៅឈ្មោះក្រៅ “Cano”។ វាមានបន្ទប់ម៉ាស៊ីនត្រជាក់ចំនួន១៥ បំពាក់ដោយទូរទស្សន៍ និងគ្រែធំ ដែលអនុញ្ញាតឱ្យភ្ញៀវអាចសម្រាកជាលក្ខណៈគ្រួសារ ឬមិត្តភក្តិបាន។
វាក៏មានតុអង្គុយសម្រាប់ភ្ញៀវទទួលបានបទពិសោធន៍ ពីការគយគន់ទេសភាពជុំវិញ ចេញពីភ្នែកបក្សី នេះបើយោងតាមសារព័ត៌មានហ្វីលីពីន Philstar។ រីឯតម្លៃបន្ទប់វិញ ចាប់ផ្តើមពី ៧៧ដុល្លារឡើងទៅក្នុងមួយយប់។
ការសាងសង់សណ្ឋាគារនេះ បានចាប់ផ្តើមនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ហើយត្រូវបានបញ្ចប់នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែដំណើរការសាងសង់ជួបបញ្ហាប្រឈមមួយចំនួន មានដូចជាខ្យល់កន្រ្តាក់ និងព្យុះទីហ្វុងនៅក្នុងតំបន់។ បច្ចុប្បន្ន មិនមានប្រភពទន្លាយឱ្យដឹងពីការចំណាយសរុប ក្នុងការសាងសង់វានោះទេ៕
ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា