មេធំ 7-Eleven សាកល្បងប្រើរទេះយន្តដឹកជញ្ជូនទំនិញបើកខ្លួនឯង
តូក្យូ ៖ ក្រុមហ៊ុនជប៉ុន Seven & i Holdings ដែលជាមេធំហាងលក់ទំនិញ 7-Eleven មានបំណងដំណើរការសាកល្បងរទេះយន្តដឹកជញ្ជូនទំនិញបើកខ្លួនឯង នៅតាមផ្លូវសាធារណៈក្នុងទីក្រុងតូក្យូ នៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន NHK។
មូលហេតុដែលមេធំហាងលក់ទំនិញ 7-Eleven មានគម្រោងដំណើរការសេវាកម្មនេះ គឺក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់មនុស្សចាស់ និងអតិថិជន ដែលមិនអាចទៅទិញទំនិញផ្ទាល់នៅហាងបាន។
រទេះយន្តដឹកជញ្ជូនទំនិញបើកខ្លួនឯងនេះ អាចធ្វើដំណើរក្នុងល្បឿនប្រហែល ៦គីឡូម៉ែត្រក្នុងមួយម៉ោង បំពាក់ដោយឧបករណ៍ចាប់សញ្ញាដើម្បីរុករកទីតាំងអតិថិជន និងចាប់សញ្ញាភ្លើងចរាចរណ៍។
ដើម្បីទទួលបានទំនិញ អតិថិជនគ្រាន់តែប្រើកម្មវិធីនៅក្នុងទូរស័ព្ទដៃបើករទេះយន្តនេះ នៅពេលវាមកដល់។ ក្រុមហ៊ុននិយាយថា ខ្លួននឹងតាមដានមតិរបស់អតិថិជន ចំពោះសេវាកម្មថ្មីនេះ មុនពេលដាក់ឱ្យប្រើប្រាស់រទេះយន្តនេះនៅក្នុងតំបន់ ឬទីក្រុងផ្សេងៗទៀត។
យ៉ាងណា ក្រុមហ៊ុន Seven & i Holdings បាននឹងកំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរ ដើម្បីចាប់ផ្តើមដំណើរការសាកល្បងពួកវានៅក្នុងខែនេះ នៅហាងចំនួនពីរនៅភាគខាងលិចទីក្រុងតូក្យូ។
អ្នកគ្រប់គ្រងហាង Seven-Eleven Japan លោក Nagao Hiroyuki និយាយថា យើងចង់ផ្តល់ជូនសេវាកម្មកាន់តែងាយស្រួល និងទាក់ទាញសម្រាប់អតិថិជនដែលពិបាកមកទិញទំនិញផ្ទាល់នៅហាង។
ហើយ Seven & i ក៏គ្រោងនឹងពង្រីកសេវាកម្មដឹកជញ្ជូនទំនើបនេះទូទាំងប្រទេសតែម្តង នៅនិទាឃរដូវឆ្នាំ ២០២៥៕
ប្រភព ៖ NHK ប្រែសម្រួល៖ ឈឹម ទីណា