អាមេរិកលុបបំណុល ប្រទេសសូម៉ាលី ជាង១ពាន់លានដុល្លារ
បរទេស៖ សហរដ្ឋអាមេរិក និងសូម៉ាលីបានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការលុបចោលបំណុល ជាង ១ពាន់លានដុល្លារ ដែលត្រូវបានចុះហត្ថលេខា នៅក្នុងសប្តាហ៍នេះ។
សូម៉ាលីជាប្រទេសក្រីក្របំផុតមួយ លើពិភពលោក បានស៊ូទ្រាំនឹងសង្គ្រាមស៊ីវិល រាប់ទសវត្សរ៍, ការបះបោរបង្ហូរឈាម ដោយក្រុមអាល់កៃដា ដែលមានទំនាក់ទំនងជាមួយក្រុមជីហាដ Al-Shabaab និងគ្រោះមហន្តរាយអាកាសធាតុ ជាញឹកញាប់។
កិច្ចព្រមព្រៀង កាលពីថ្ងៃអង្គារ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុសូម៉ាលី លោក Bihi Egeh និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅទីក្រុង Mogadishu លោក Richard Riley ដែលបានពណ៌នាថា វាជា «ថ្ងៃដ៏អស្ចារ្យ»។
លោ Riley បាននិយាយថា កិច្ចព្រមព្រៀងទ្វេភាគីបានលើកលែងបំណុលចំនួន ១.១៤ ពាន់លានដុល្លារ របស់សូម៉ាលី។ នេះគឺជាផ្នែកមួយ នៃបំណុលសរុបចំនួន ៤.៥ ពាន់លានដុល្លារ ដែលខ្លួនជំពាក់ប្រទេសជាច្រើនហើយទទួលបានការអនុគ្រោះ ក្រោមកិច្ចព្រមព្រៀង ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ និង ធនាគារពិភពលោក នៅក្នុងខែធ្នូ។
លោកបានបន្ថែមថា «សូម៉ាលី ដោយមានជំនួយពីសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិ បានធ្វើកំណែទម្រង់ជាច្រើន មានទាំងការអនុម័តច្បាប់ថ្មី, ផ្លាស់ប្តូរវិធីប្រតិបត្តិការ នាំមកនូវភាពប្រសើរឡើងនៃគណនេយ្យភាព ចំពោះហិរញ្ញវត្ថុរបស់ខ្លួន និងឆ្ពោះទៅរកការអនុវត្តប្រកបដោយនិរន្តរភាព»។
ស្ថានទូតអាមេរិកបាននិយាយថា នេះគឺជាការបន្ធូរបន្ថយបំណុល បន្ថែម លើជំនួយចំនួន ១.២ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កែលម្អសន្តិសុខ និងជំនួយមនុស្សធម៌ ដែលទីក្រុងវ៉ាស៊ីនតោន ផ្តល់ដល់ប្រទេសសូម៉ាលី ក្នុងឆ្នាំនេះ ដោយពណ៌នាសហរដ្ឋអាមេរិកថា ជា «ដៃគូដ៏រឹងមាំ» សម្រាប់ប្រជាជនសូម៉ាលី។
យោងតាមតួលេខរបស់ធនាគារពិភពលោក ប្រជាជនសូម៉ាលី ប្រហែល៧០ភាគរយ រស់នៅ ជាមួយនឹងចំណាយតិចជាង ១.៩០ដុល្លារ នៅក្នុងមួយថ្ងៃ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត