អូស្ត្រាលីគ្រោងហាមក្មេងអាយុក្រោម១៦ឆ្នាំមិនឲ្យលេង Facebook

បរទេស៖ រដ្ឋាភិបាលអូស្ត្រាលីនិយាយថា ខ្លួននឹងបង្កើតច្បាប់ «ឈានមុខគេ» លើពិភពលោក ដើម្បីហាមប្រាមកុមារ អាយុក្រោម ១៦ ឆ្នាំ ពីប្រព័ន្ធផ្សព្វផ្សាយសង្គម រួមមាន ដូចជា Facebook ជាដើម។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា ច្បាប់ដែលបានស្នើឡើងនេះ ហើយគ្រោងនឹងត្រូវដាក់ក្នុងសភា នៅសប្តាហ៍ក្រោយ គឺមានគោលបំណងកាត់បន្ថយ «គ្រោះថ្នាក់» ពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងរំលោភបំពាន លើកុមារអូស្ត្រាលី។

លោកបាននិយាយថា «នេះគឺសម្រាប់អ្នកម្តាយ និងលោកប៉ា… ពួកគេ ដូចជាខ្ញុំ ជាដើម សុទ្ធតែបារម្ភពីសុវត្ថិភាពកូនៗរបស់យើង តាមអ៊ីនធឺណិត។ ខ្ញុំចង់ឱ្យគ្រួសារអូស្ត្រាលីដឹងថា រដ្ឋាភិបាល ជាខ្នងបង្អែករបស់អ្នក»។

យ៉ាងណាមិញ លោក Albanese បាននិយាយថា នឹងមិនមានការផាកពិន័យ សម្រាប់អ្នកប្រើប្រាស់នោះទេ ហើយវានឹងអាស្រ័យលើនិយតករអនឡាញអូស្ត្រាលី eSafety Commissioner ដើម្បីអនុវត្តច្បាប់។ ច្បាប់នេះនឹងចូលជាធរមាន រយៈពេល១២ខែ បន្ទាប់ពីត្រូវបានអនុម័តរួច ប៉ុន្តែ នឹងត្រូវពិនិត្យមើលការអនុវត្តឡើងវិញ បន្ទាប់ពីចូលជាធរមាន។

យ៉ាងណាមិញ អ្នកជំនាញខ្លះអះអាងថា ហាមប្រាមនេះ គ្រាន់តែបង្អាក់ការប៉ះពាល់របស់យុវជន ចំពោះកម្មវិធី ដូចជា TikTok, Instagram និង Facebook ប៉ុណ្ណោះ ផ្ទុយមកវិញ បង្រៀនពួកគេពីរបៀបរុករកកន្លែងស្មុគស្មាញ តាមអ៊ីនធឺណិត។

ក្រុមតស៊ូមតិដ៏ធំបំផុតមួយ របស់ប្រទេសអូស្ត្រាលី សម្រាប់សិទ្ធិកុមារ បានរិះគន់ការហាមឃាត់នេះ ដែលបានលើកឡើងថា ជាឧបករណ៍ច្បាប់ មិនចំគោលដៅ។

នៅក្នុងលិខិតចំហដែលផ្ញើទៅរដ្ឋាភិបាល កាលពីខែតុលា ដែលចុះហត្ថលេខាដោយអ្នកសិក្សា ជាង១០០នាក់ និងអង្គការសង្គមស៊ីវិល ចំនួន២០ ក្រុមការងារសិទ្ធិកុមារអូស្ត្រាលីបានអំពាវនាវឱ្យពិនិត្យមើលការដាក់ «ស្តង់ដារសុវត្ថិភាព» នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ជំនួសវិញ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner