នារដូវបិទនេសាទឆ្នាំ២០២៤ រដ្ឋបាលជលផល និង កម្លាំងអន្តរាគមន៍ថ្នាក់ជាតិបានបង្រ្កាបបទល្មើសជាង ១៥០០ករណី
(ភ្នំពេញ)៖ ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលជលផលនិងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ដោយមាន ការចូលរួមពីគណៈបញ្ជាការឯកភាពខេត្ត ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធបានទប់ស្កាត់ និង បង្ក្រាបបទល្មើសជលផល ទូទាំងប្រទេស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទនៅថ្ងៃទី៧ ខែវិច្ឆិកាឱ្យដឹងថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល សម្រេចបានលទ្ធផលសរុប ១ ៥០៦ករណី ក្នុងនោះ រឹបអូស និងបំផ្លាញចោលវត្ថុតាងបាន ១ ៤១០ករណី បញ្ជូនទៅតុលាការ ៥៦ករណី ជនល្មើសជាប់ពន្ធនាគារ ១៥នាក់ និង ពិន័យអន្តរការណ៍ ៤០ករណី ស្មើទឹកប្រាក់ពិន័យ ១៦១ ៦៩១ ០០០ រៀលគត់។
សម្រាប់ វត្ថុតាងបទល្មើសសំខាន់ៗដែលបាន រឹបអូសនិងបំផ្លាញចោល មានជាអាទិ៍៖ របាំងស្បៃមុងនិងសាច់អួនប្រវែង ៧៩២ ៩៣៨ម៉ែត្រ ឧបករណ៍ឆក់ត្រីចំនួន ៤៥៩គ្រឿង ក្នុងនោះ តាមរយៈការស្ម័គ្រចិត្តប្រគល់ចំនួន ១៦៥គ្រឿង អួនអូសទឹកសាបនិងអូនហ៊ុម ១០៦វង់ និង បង្ក្រាបទីតាំងផលិត ចែកចាយឧបករណ៍ឆក់ ៣កន្លែង ព្រមទាំងបានចាក់លែងកូនត្រីចម្រុះប្រមាណ ១០០លានក្បាល ស្មើនឹងជាង ៤០តោន ចូលក្នុងទៅក្នុងដែនទឹកធម្មជាតិវិញ។
តាមរយៈសមិទ្ធផលនេះ បរិមាណត្រីក្នុងធម្មជាតិចាប់ផ្តើមកើនឡើងគួរកត់សម្គាល់។ ទន្ទឹមនេះ សត្វផ្សោត ទន្លេមេគង្គក៏មានការកើនឡើងផងដែរ គឺពី ៩០ក្បាល នៅឆ្នាំ២០២២ ដល់ ១០៤ក្បាល គិតត្រឹមខែតុលាឆ្នាំ២០២៤។ ការកើនឡើងនូវធនធានជលផលនេះក៏ជាលទ្ធផលនៃការចូលរួមពីប្រជានេសាទនិងអ្នកពាក់ព័ន្ធនានា ដែលបានសហការ ផ្តល់ព័ត៌មាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងលែងប្រភេទវារីសត្វកម្រ ត្រីមេពូជចូលទៅក្នុងដែនទឹក ធម្មជាតិវិញ ដើម្បីថែរក្សាធនធានជលផលឱ្យបានគង់វង្ស៕
ដោយ ៖ ម៉ាដេប៉ូ