អាជីវកម្មបៃតងលើការកែច្នៃសំរាមកំពុងជួយកាត់បន្ថយសំរាមនៅលើទីលាន និងជួយបង្កើនការងារបៃតងដល់ប្រជាពលរដ្ឋ

(ពោធិ៍សាត់)៖ ក្នុងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រុងពោធិ៍សាត់ សិប្បកម្មផលិតជីសរីរាង្គធម្មជាតិ«សុវណ្ណភូមិ» បានដំណើការដោយក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក ដែលទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ នៅតាមសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងពេលចុះពិនិត្យលើការទុកដាក់និងញែកសំរាមរបស់ផ្នែកឯកជននៅក្នុងខេត្តពោធិសាត់ កាលពីពេលថ្មីៗកន្លងមកនេះ បានវាយតម្លៃខ្ពស់ចំពោះអាជីវកម្មបៃតង ដែលបានចូលរួមមិនត្រឹមតែដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប៉ុន្តែបានជួយកាត់បន្ថយសំរាមលើទីលាន តាមរយៈការកែច្នៃសំរាម ទៅជារបស់ប្រើប្រាស់ឡើងវិញ និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។

ឯកឧត្តមបានថ្លែងថា ដោយមើលឃើញអំពីបរិមាណសំរាម និងសំណល់ប្លាស្ទិក មានការកើនឡើងជាបន្ដបន្ទាប់នោះ ក្រសួងបរិស្ថានបានជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងផ្នែកឯកជន ចូលរួមបង្កើតរោងចក្រកែច្នៃកាកសំណល់ និងសំរាមដែលបានប្រើរួច ជាពិសេស ការបណ្តុះផ្នត់គំនិតស្អាត តាមរយៈការចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចេះកែច្នៃសំរាម និងកាកសំណល់ ដែលបានប្រើរួចហើយ យកមកប្រើប្រាស់ឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន។

សហគ្រាសផលិតជីសរីរាងពីសំរាម ផ្តល់ប្រយោជន៍ ជួយបង្កើនផលិតផលដំណាំកសិកម្មនានា ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ព្រមទាំងបានជួយចូលរួមចំណែក លើកកម្ពស់សុខភាព និងផ្តល់ការងារបៃតងចំពោះប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែម។

កញ្ញា សុខា បានចូលរួមបំពេញការងារជាកម្មការកែច្នៃសំរាមនៅលើទីលានទុកដាក់សំរាមក្នុងក្រុងពោធិ៍សាត់នេះ រយៈពេល ៦ខែរួចមកហើយ។ កញ្ញាបានសំដែងនូវការត្រេកអរចំពោះការងារ នៅក្នុងមូលដ្ឋាន ក្បែរផ្ទះ ជួយបង្កើតផលិតផលក្នុងស្រុក ដែលមានប្រយោជន៍ជួយឱ្យគុណភាពដីរបស់កសិករមានជីជាតិ ផ្តល់ផលល្អសម្រាប់ដំណាំ និងបានជួយបរិស្ថានថែមទៀត ។

សូមបញ្ជាក់ថា ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ បានទទួលសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានប្រជាពលរដ្ឋសរុប ជាង ៧ម៉ឺននាក់ និងបានប្រមូលទុកដាក់សំរាម សំណល់រឹង បានពី ២៨ ទៅ ៣០ តោនក្នុងមួយថ្ងៃ ទៅទីលាន។

មកដល់ថ្ងៃនេះ សំរាមសំណល់រឹង ប្រមូល និងដឹកជញ្ជូនបានចំនួនជាង ៥,៥០០ តោន ក្នុងនោះសំរាមដែលត្រូវបានញែកយកមកប្រើប្រាស់ និងកែច្នៃបានចំនួនជាង ៥៥១ តោន និងលក់ជាអេតចាយបានចំនួន ៨៨ តោន។ លោក ស៊ីឡែន ម្ចាស់សិប្បកម្ម បានឱ្យដឹងថាចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនបានចាប់ផ្តើមធ្វើការកែច្នៃសំរាម ដែលប្រមូលបាន យកទៅផលិតជា ជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានចំនួន ៤៥០ តោន។

លោក ស៊ីឡែន បានអះអាងថា ផលិតផលរបស់សិប្បកម្មរបស់លោក ផ្តល់ផលប្រយោជន៍ :ជួយង្កើនគុណភាពដីកសិកម្ម ឲ្យមានជីជាតិល្អ ជួយឱ្យមានបាក់តេរីកកើឡើងវិញច្រើន និងឲ្យដំណាំនិងរុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ ដើមផ្កា នឹងរក្ខជាតិហូបផ្លែលូតលាស់ល្អ និងទតួលបានទិន្នផលល្អ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner