ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាល នឹងប្រែក្លាយតំបន់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចដ៏ធំមួយរបស់ប្រទេសកម្ពុជា
(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលមានគោលដៅប្រែក្លាយតំបន់ឆ្នេរអោយទៅជារបៀងសេដ្ឋកិច្ចដ៏ធំមួយរបស់ប្រទេសកម្ពុជា ។ សមុទ្រកម្ពុជាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើននិងផ្ដល់ប្រាក់ចំណូលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ការរៀបចំដែនដី ត្រូវឱ្យស្របទៅនឹងសក្តានុពលនៃតំបន់នីមួយៗនោះទើបជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចបានឆាប់រហ័ស ។ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានពិនិត្យរាល់គម្រោងដែលបានរៀបចំចុងក្រោយមុននឹងចាប់ផ្តើមអនុវត្ត និងបានទទួលយកគំនិតផ្តួចផ្តើមមួយចំនួនទៀតមកពិនិត្យពិភាក្សា ឱ្យស្របទៅនឹងផែនការអភិវឌ្ឍមេរបស់តំបន់ឆ្នេរ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជជែកពិភាក្សា និងទទួលបានការឯកភាពរួមគ្នា ក្នុងកិច្ចការជំរុញអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាអោយកាន់តែរីកចម្រើន និងទាញយកផលប្រយោជន៍ពីការអភិវឌ្ឍន៍នេះ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ និងប្រែក្លាយជីវភាពប្រជាពលរដ្ឋនៅតំបន់ឆ្នេរអោយកាន់តែល្អប្រសើរថែមទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបំផុសគំនិតដល់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យជជែកពិភាក្សាអំពីការរៀបចំឆ្នេរពីខេត្តកោះកុងដល់ខេត្តកែប ថាតើត្រូវមានយុទ្ធសាស្ត្ររៀបចំដូចម្ដេចខ្លះ និងការរៀបចំព្រែក ដោយត្រូវដឹងអំពីតួលេខសរុបរបស់ព្រែក និងត្រូវរៀបចំក្នុងកម្រិតបែបណាដើម្បីទទួលភ្ញៀវទេសចរណ៍ និងសំរាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន ហើយត្រូវរៀបចំផ្លូវ ទឹក ភ្លើង ចំណតរថយន្ត បង្គន់អនាម័យ ជាដើម នោះនឹងអាចកែប្រែជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យល្អប្រសើរបាន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា មានគម្រោងជាច្រើនដូចជា ការធ្វើផ្លូវសម្រាប់ជិះកង់តាមបណ្ដោយឆ្នេរ និងគម្រោងជាច្រើនទៀត ដែលទាមទារឱ្យមានការឯកភាពរួមគ្នារវាងគណៈកម្មាធិការ និងសមាជិក ហើយត្រូវសម្រួចគោលដៅទាំងអស់គ្នាថាតើកិច្ចការអ្វី ដែលយើងត្រូវអនុវត្តជាចំបង និងបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យកាន់តែរីកចម្រើន និងប្រែក្លាយជារបៀងសេដ្ឋកិច្ចដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ៕
ដោយ / គ្រី សម្បត្តិ
![](https://asset.ams.com.kh/central/media/2024/11/photo_2024-11-08_09-16-30-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/11/photo_2024-11-08_09-16-26-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/11/photo_2024-11-08_09-16-29-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/11/photo_2024-11-08_09-16-32-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/11/photo_2024-11-08_09-16-34-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/11/photo_2024-11-08_09-16-44-1024x568.jpg)
![](https://asset.ams.com.kh/central/media/2024/11/photo_2024-11-08_09-16-46-1024x575.jpg)
![](https://asset.ams.com.kh/central/media/2024/11/photo_2024-11-08_09-16-48-1024x576.jpg)