ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារអេស៊ីលីដាជិត ៧០០នាក់ ចូលរួមបរិច្ចាគឈាមសង្គ្រោះជីវិតមនុស្ស
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារអេស៊ីលីដាចំនួន ៦៧០នាក់បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីទុកបម្រុងសង្គ្រោះជីវិតមនុស្ស ពេលត្រូវការបន្ទាន់ ដោយសកម្មភាពបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារអេស៊ីលីដាគិតមកដល់ពេលនេះ មានចំនួន៨លើកហើយ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីបរិច្ចាគឈាម នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅការិយាល័យកណ្ដាលរបស់ធនាគារអេស៊ីលីដា លោក លី ថៃ គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ចនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារអេស៊ីលីដា នៅពេលនេះ គឺបានធ្វើឡើងនៅទូទាំងប្រទេស តាមការស្ម័គ្រចិត្តដោយសរុបមានចំនួន៦៧០នាក់ ក្នុងនោះនៅ រាជធានីភ្នំពេញ មានអ្នកស្ម័គ្រចិត្តចំនួន ២៣៥នាក់ និងនៅតាមបណ្ដាខេត្តមានចំនួន៤៣៥នាក់ ។
លោកបន្តថា សកម្មភាពបរិច្ចាគឈាមរបស់ធនាគារអេស៊ីលីដា គឺជាការតបស្នងដល់សង្គម ពីព្រោះថាអាជីវកម្មរបស់ធនាគារអាចរីកចម្រើនទៅបាន ក៏ដោយសារតែមានការគាំទ្រពីសង្គម ដូច្នេះហើយ នៅពេលយើងរីកចម្រើន យើងក៏ត្រូវតបស្នងដល់សង្គម ហើយសង្គមនឹងបន្តគាំទ្រដល់ដំណើរការអាជីវកម្មរបស់ធនាគារបន្តទៀត ។ អ្វីដែលពិសេស ការបរិច្ចាគឈាមនេះ គឺការជួយសង្គ្រោះអាយុជីវិតដល់អ្នករងគ្រោះដែលត្រូវការឈាមសម្រាប់សង្គ្រោះជីវិតបន្ទាន់ ។
ទន្ទឹមនឹងនេះដែរ ការបរិច្ចាគឈាមនេះ ក៏នឹងធ្វើឱ្យសុខភាពអ្នកបរិច្ចាគកាន់តែប្រសើរ ដូច្នេះហើយទើបមើលឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ មានការចូលរួមបរិច្ចាគច្រើនពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់យើង ។ លោកក៏បានអំពាវនាវនិងលើកទឹកចិត្តដល់សប្បុរសជននានា ចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នា ពីព្រោះថាការបរិច្ចាគឈាមនេះ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ផ្ទុយទៅវិញមានតែធ្វើឱ្យសុខភាពយើងកាន់តែល្អប្រសើរ ។
លោកលី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ជាតិ បានមានប្រសាសន៍ថា សកម្មភាពបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំនិងបុគ្គលិករបស់ធនាគារអេស៊ីលីដា គឺជាគំរូដ៏ល្អមួយទៅដល់ស្ថាប័នដទៃទៀត ក្នុងការចូលរួមក្នុងសង្គមជាពិសេសការបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ។ លោកបន្តថា អំណោយឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារអេស៊ីលីដា នឹងចូលរួមចំណែកដល់ការផ្គត់ផ្គង់ឈាមទៅកាន់មន្ទីរពេទ្យនានារបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ហើយនឹងធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម កាន់តែមានលទ្ធភាព ក្នុងការផ្គត់ផ្គង់ឈាមបន្ថែមទៀត ស្របនឹងតម្រូវការឈាមក៏កាន់តែកើនឡើង ។
លោកអនុប្រធានបន្ថែមថា កំណើនអ្នកបរិច្ចាគឈាមបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំ ស្របនឹងតម្រូវការក៏កើនឡើងដោយក្នុងនោះក្នុងមួយថ្ងៃ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលបានអំណោយឈាមពីសប្បុរសជនចំនួន៣០០ទៅ៣៥០ប្លោក ចំណែកតម្រូវការក៏ឃើញថាមានចំនួនប្រហាក់ប្រហែលគ្នានេះដែរ ។ លោកបានលើកទឹកចិត្តនិងអំពាវនាវឱ្យសប្បុរសជននានា ចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នាផងដែរ ៕
អត្ថបទ ៖ ឈឹម ទីណា