អង្គការផ្ទះបាយកុមារនិងក្រុមការងារប៉ាម៉ានីរៀបចំកម្មវិធី «ជួបជាមួយប៉ាម៉ានី» ដល់កុមារ ៦០០នាក់ដើម្បីបង្កើនភាពស្និតស្នាល
(ភ្នំពេញ)៖ អង្គការផ្ទះបាយកុមារ រួមសហការជាមួយ និងក្រុមការងារ ប៉ាម៉ានី បានរៀបចំ កម្មវិធី «ជួបជាមួយប៉ាម៉ានី» ដល់កុមារ៦០០នាក់ ដែលជាភ្ញៀវរបស់ អង្គការផ្ទះបាយកុមារ។ ពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ទយុវជនកម្ពុជា និងមានការចូលរួមពី ឯកឧត្តម លី ចន្ទ័តុលា និងលោកជំទាវ ឈីវ ភិរម្យ ប្រធានក្រុមការងារ ប៉ាម៉ានី និងអង្គការផ្ទះបាយកុមារ ។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីភាពស្និតស្នាលជាមួយនិងកុមាគ្រប់ៗ រួមជាមួងនិងពាក្យលើកទឹកចិត្ត ដល់ពួកគាត់ខិតខំរៀនសូត្រក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ នៅពេលអនាគត។ ឯកឧត្តម គួសបញ្ជាក់ដល់កុមារគ្រប់ៗរូបថា «កំប្រៀបជាមួយកូនអ្នកផ្សេង ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីបានប្រឡងជាប់គ្រប់ៗគ្នា»។
ឯកឧត្តម ប្រធានក៏បានថ្លែងអំណរគុណ និងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអង្គការផ្ទះបាយកុមារ និងក្រុមការងារពាក់ព័ន្ធ ជាពិសេសលោកពូ ង៉ូវ ឈីវ ដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការជួយផ្គត់ផ្គង់អាហារ និងពិសេសនោះគឺជួយដល់ការអប់រំ របស់ប្អូនៗដែលមានការខ្វះខាត ។ ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមទាំងសម្ភារៈ ថវិកា ជាពិសេស ពេលវេលាក្នុងការមកជួបជុំគ្នាជាមួយប្អូនៗនាឱកាសនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្តល់កិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ ជាមួយនិងកុមារទាំង៦០០ នាក់ ដោយថតម្តង១នាក់ ផងដែរ។
លោកជំទាវ ឈីវ ភិរម្យ មានប្រសាសន៍ថា ឯកឧត្តម ហ៊ុន ម៉ានី តែងតែចូលរួមលើកកម្ពស់ជីវភាពរស់នៅជាមួយនិងកុមារ ដែលរៀបចំដោយអង្គការផ្ទះបាយកុមារនៅក្នុងមួយឆ្នាំពីរដង ដើម្បីបានដឹងពីសុខទុក្ខរបស់កុមារ ។ លោកជំទាវ បន្ថេមថា កុមារដែលបានមកចូលរួមលេងកម្សាន្ត និងទទួលយកអំណោយដែលរៀបចំដោយក្រុមការងារប៉ាម៉ានីនេះ គឺសុទ្ធសឹងតែមកពីក្រុមគ្រួសារ មានជីវភាពទន់ខ្សោយ លំបាក រស់នៅជិតនិងតំបន់ក្បែរៗនេះ ដែលឪពុកម្តាយរកស៊ីនៅតាមដងផ្លូវអូសរទេះ លក់លៀសហាល រើសអេតចាយ ជាដើម ។
លោកជំទាវ ឈីវ ភិរម្យ គូសបញ្ជាក់បន្ថែមថា ក្រុមការងារប៉ាម៉ានីបាន ចូលរួមជួយដល់កុមារ ដែលរស់នៅក្នុងក្រុមគ្រួសារមានជីវភាពខ្វះខាត ដោយខិតខំជួយប្រឹងប្រែងប្រែងលើកទឹកចិត្ត ក៏ដូចជាផ្តល់ឱកាស និងសម្ភារៈទៅតាមលទ្ធភាព ដើម្បីឱ្យពួកគាត់បានទៅសាលារៀន។
កុមារដែលបានចូលរួមនៅក្នុងកម្មវិធីនេះ បានសំដែងនូវទឹកមុខសប្បាយរីករាយរួមជាមួយនិង ស្នាមញញឹមដែលប៉ាម៉ានីផ្តល់ឱ្យនៅក្នុងឱកាសនេះ ហើយតាមរយៈនេះ ពួកគាត់ក៏ទទួលបាននូវ អំណោយដែលរៀបចំដោយ ក្រុមការងារប៉ាម៉ានី ជាសម្ភារសិក្សា ខោអាវ ស្បែកជើង រួមជាមួយនិងអង្ករចំនួន១០គីឡូក្រាម ផងដែរ។
គួរបញ្ជាក់ថា ផ្ទះបាយកុមារគឺជាអង្គការមួយដែលផ្តល់អាហាររូបត្ថម្ភកុមារ ពេលព្រឹក និងពេលថ្ងៃត្រង់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅវ៍ដល់កុមារទូទៅដែល គាត់មិនមានអាហារគ្រប់គ្រាន់នៅឯផ្ទះគឺគាត់អាចមកទទួលអាហារនៅទីនេះដោយឥតគិតថ្លៃ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា