សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ហោ ណាំហុង និងលោកជំទាវ អញ្ជើញសូត្រមន្តអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនៅក្នុងវត្តទួលសង្កែ
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ, លោកជំទាវ អាន្នី សុខអាន ឧបាសក ឧបាសិកា និងអាចារ្យគណៈកម្មការវត្តទួលសង្កែ បានរៀបចំពិធីសូត្រមន្តនៃអង្គកឋិនទាននៅវត្តទួលសង្កែ រសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លុះព្រឹកឡើង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងដង្ហែរនៃអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តទួលសង្កែ ដែលស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
កឋិនទាន គឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ គឺរយៈកាលទទួលកឋិនទានក្តី និងរយៈកាលធ្វើកឋិនទានក្តីអាចធ្វើបានក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក។
ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរ៉ុងចំរើនជារៀងរហូតទៅ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ