ជប៉ុនគ្រោងនឹងឲ្យបុគ្គលិកធ្វើការតែ៤ថ្ងៃក្នុង១សប្តាហ៍

បរទេស៖ ខេត្ត Miyagi ត្រូវបានកំណត់ថា នឹងក្លាយជាតំបន់ដំបូងគេ ក្នុងប្រទេសជប៉ុន ដែលនឹងផ្តល់ឲ្យបុគ្គលិកធ្វើការ តែ៤ថ្ងៃ ក្នុង១សប្តាហ៍ ចាប់ពីឆ្នាំ២០២៦ ក្នុងគោលបំណងកាត់បន្ថយ កន្និកាការលាឈប់របស់បុគ្គលិក តាមរយៈការកែលម្អលក្ខខណ្ឌការងារ និង ទាក់ទាញទេពកោសល្យ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុន អភិបាលខេត្ត Miyagi លោក Yoshihiro Murai បានប្រកាសថា គំនិតផ្តួចផ្តើម ដែលនឹងអនុវត្តចំពោះនិយោជិតទាំងអស់ ជាការឆ្លើយតបទៅនឹងការធ្លាក់ចុះ នៃចំនួនអ្នកចង់ធ្វើការ ក្នុងរដ្ឋាភិបាល។ លោក Murai បាននិយាយថា កម្មវិធីនេះគឺមានបំណងបង្កើតបរិយាកាសការងារ កាន់តែល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងនិន្នាការធ្លាក់ចុះមន្ត្រីរាជការ នេះបើតាមបណ្តាញព័ត៌មាន Fuji News ។ ការធ្លាក់ចុះនៃការដាក់ពាក្យចូលបម្រើរាជការ ត្រូវបានស្តីបន្ទោសលើ ការធ្លាក់ចុះ អត្រាកំណើត និង ចំនួនប្រជាជនជប៉ុន។

បច្ចុប្បន្ន និយោជិតនៃខេត្ត Miyagi ប្រកាន់ខ្ជាប់នូវការងារសប្តាហ៍ ជារៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ នៅក្រោមផែនការថ្មី និយោជិតនឹងអាចបែងចែកម៉ោងធ្វើការ របស់ពួកគេឡើងវិញ ក្នុងរយៈពេល៤ថ្ងៃ ដោយអនុញ្ញាតឱ្យមានថ្ងៃចុងសប្តាហ៍ រយៈពេល៣ថ្ងៃ អាស្រ័យទៅលើការយល់ព្រម ពីអ្នកគ្រប់គ្រង នេះបើតាម The Japan Times ។

កាលវិភាគការងារថ្មីនេះ ត្រូវបានរៀបចំឡើង ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនេះ ដោយផ្តល់ជូននិយោជិត នូវតុល្យភាពជីវិតការងារ កាន់តែប្រសើរឡើង ហើយម្យ៉ាងវិញទៀត ជាការអំពាវនាវដល់អ្នកស្វែងរកការងារ មានកាន់តែច្រើន។

ជម្រើសនេះ ពីមុន អាចប្រើបានសម្រាប់តែបុគ្គលិក ដែលមានទំនួលខុសត្រូវលើការថែទាំកុមារ ឬ មនុស្សចាស់ប៉ុណ្ណោះ ប៉ុន្តែ ចាប់ពីឆ្នាំសារពើពន្ធ២០២៦ វានឹងត្រូវបានពង្រីកដល់បុគ្គលិករដ្ឋាភិបាលទាំងអស់ នៅក្នុងតំបន់ Miyagi ។

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនបានគាំទ្រ «សប្តាហ៍ធ្វើការ» តិចថ្ងៃជាងបច្ចុប្បន្ន ចាប់តាំងពីឆ្នាំ ២០២១ មុនពេលចាប់ផ្តើមយុទ្ធនាការ កាលពីខែសីហាឆ្នាំមុន ដោយអំពាវនាវឱ្យមនុស្ស និងអាជីវកម្មកាន់តែច្រើនអនុម័ត សប្តាហ៍ធ្វើការ រយៈពេល៤ថ្ងៃ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយកង្វះកម្លាំងពលកម្ម។

តំបន់ផ្សេងៗទៀត នៅក្នុងប្រទេសជប៉ុន ក៏កំពុងទទួលយកគំនិតផ្តួចផ្តើមនេះដែរ មានដូចជា នៅខេត្ត Ibaraki, ខេត្ត Iwate ព្រមទាំង ខេត្ត Chiba ជាដើម៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner